ក្រសួង​នឹង​ធ្វើ​ប្រព័ន្ធ​គណនេយ្យ​សម្រាប់​ SME

Content image - Phnom Penh Post

បុគ្គលិក​ធនាគារ​កំពុង​រាប់​លុយ​ជា​រូបិយប័ណ្ណ​ដុល្លារ​អាមេរិក។ ក្រសួង​សេដ្ឋកិច្ច​កំពុង​រៀបចំ​ទម្រង់​ថ្មី​នៃ​ការ​កត់ត្រា​ចំណូលចំណាយ SME​​។ ហេង ជីវ័ន

ក្រសួង​នឹង​ធ្វើ​ប្រព័ន្ធ​គណនេយ្យ​សម្រាប់​ SME

Fri, 26 December 2014

ភ្នំពេញៈ ក្រសួង​សេដ្ឋកិច្ច​ និង​​ហិរញ្ញ​វត្ថុ​កំ​ពុង​​តាក់​តែង​ទម្រង់ថ្មី​នៃ​​របៀប​កត់​ត្រា​ចំណូល​ចំណាយ​ដើម្បី​អនុវត្ត​​ក្នុង​​អាជីវកម្ម​ខ្នាត​តូច​ និង​មធ្យម (SME) ដែល​មាន​​លក្ខខណ្ឌ​ងាយ​ស្រួល​ជាង​ប្រព័ន្ធ​ស្តង់ដារ​ក្នុង​គោល​ដៅ​ជំរុញ​ឲ្យ SME នៅ​កម្ពុជា​​ផ្តើម​អនុវត្ត​របាយការណ៍​គណ​នី​ឲ្យ​បាន​កាន់​តែ​ទូលំ​ទូលាយ។

ទម្រង់​ថ្មី​នេះ​គឺ​ធ្វើ​ឡើង​ដើម្បី​ពង្រឹង​ការ​អនុវត្ត​របាយការណ៍​ហិរញ្ញវត្ថុ​នៅ​ SME ដើម្បី​ធ្វើ​ឲ្យ​វិស័យ​នេះ​អភិវឌ្ឍ​បាន​លឿន​ជាង​បច្ចុប្បន្ន។ វា​នឹង​បង្ក​ភាព​ងាយ​ស្រួល​ដល់​រដ្ឋាភិបាល​ក្នុង​ការ​ពង្រឹង​ប្រសិទ្ធភាព​ប្រមូល​ពន្ធ និង​ផ្តល់​​ភាព​ងាយ​ស្រួល​ដល់​គ្រឹះស្ថាន​ផ្តល់​កម្ចី​ក្នុង​ការ​វាយ​តម្លៃ​ពី​ស្ថានភាព​សហគ្រាស​មុន​នឹង​សម្រេច​ផ្តល់​​កម្ចី​។

លោក ងី តាយី រដ្ឋ​លេខាធិការ​ក្រសួង​សេដ្ឋ​កិច្ច​ និង​ហិរញ្ញ​វត្ថុ​ និង​ជា​ប្រ​ធាន​ក្រុម​ប្រឹក្សា​ជាតិ​គណនេយ្យ​ បាន​ឲ្យ​ដឹង​ថា​ ក្រុម​ប្រឹក្សា​ជាតិ​គណនេយ្យ​កំ​ពុង​ធ្វើ​ទម្រង់​បញ្ជី​គណនេយ្យ​ដែល​មាន​ភាព​ងាយ​ស្រួល​ និង​កាត់​បន្ថយ​ភាព​ស្មុគស្មាញ​ដើម្បី​អនុវត្ត​ឲ្យ​ស្រប​តាម​សមត្ថ​ភាព​ជាក់​ស្តែង​របស់​ម្ចាស់​សហគ្រាស​ភាគ​ច្រើន​នៅ​កម្ពុជា​។

លោក​បាន​ឲ្យ​ដឹង​ថា​ បើ​ទោះ​បី​ជា​​កម្ពុជា​មាន​ច្បាប់​ស្តី​ពី​ស្តង់​ដារ​គណនេយ្យ​ដើម្បី​អនុ​វត្តតាំង​ពី​ឆ្នាំ​ ២០០២ តែ​ការ​អនុវត្ត​ជាក់​ស្តែង​ក្នុង​អាជីវ​កម្ម​ខ្នាត​តូច​នៅ​កម្ពុជា​មាន​កម្រិត​តិច​តួច​មែន​ទែន។

លោក​ថ្លែង​ថា​៖​ «​ដើម្បី​ជួយ​អាជីវ​ករ និង​ពាណិជ្ជ​ករ​តូច​​តាច​ យើង​កំពុង​តែ​រៀប​ចំ​ទម្រង់​បញ្ជី​[ហិរញ្ញ​វត្ថុ​]ឲ្យ​ស្រួល​​ជាង​របាយ​ការណ៍​ស្តង់ដារ​ហិរញ្ញវត្ថុ​។ យើង​នឹង​ធ្វើ​ជា​សៀវភៅ​មួយ​តូច​ដើម្បី​ឲ្យ​គាត់​យល់​​ដឹង​ពី​ការ​កត់​ត្រា​ចំណូល​ចំ​ណាយ​បាន​ស្រួល​»​​។

លោក​បន្ត​ថា​ នេះ​ជា​យន្ត​ការ​មួយ​​ដើម្បី​​លើក​ទឹក​ចិត្ត​ដល់​ម្ចាស់​សហ​គ្រាស​ខ្នាត​តូច​ឲ្យ​​​ចេះ​​ប្រើ​​​របាយ​ការណ៍​គណនី​ក្នុង​​កម្រិត​មួយ​សិន មុន​នឹង​ឈាន​​ដល់កម្រិត​​ស្តង់​ដារ។ ​

លោក​​អះ​អាង​ថា​៖​ «​វា​ជា​គន្លឹះ​មួយ​នៃ​ការ​​ជួយ​អភិវឌ្ឍ​សេដ្ឋកិច្ច ព្រោះ​​សហ​គ្រាស​​តូច​ៗ​ហ្នឹង​មាន​​ចំ​ណែក​ច្រើន​​​ក្នុង​ការ​អភិ​វឌ្ឍ​សេដ្ឋ​កិច្ច​របស់​កម្ពុជា​យើង»​។​

បើ​យោង​តាម​លោក ងី​ តាយី ទម្រង់​គណនេយ្យ​ថ្មី​នេះ​ជា​ទម្រង់​ងាយ​ស្រួល​មួយ​ ហើយ​ម្ចាស់​សហ​គ្រាស​​​ត្រូវ​ការ​រយៈ​ពេល​ខ្លី​ដើម្បី​សិក្សា​​គឺ​ត្រូវ​ការ​រយៈ​ពេល​ត្រឹម​ពី​បី​ខែ​ទៅ​ប្រាំ​មួយ​​ខែ​។​ យ៉ាង​ណា​ក៏​ដោយ​ លោក​​មិន​ទាន់​អាច​បញ្ជាក់​ថា​ ទម្រង់​ថ្មី​នេះ​នឹង​អា​ច​រួច​រាល់​សម្រាប់​ដាក់​ឲ្យ​អនុ​វត្តបាន​នៅ​​ពេល​ណា​នោះ​ទេ តែ​រំ​ពឹង​ថា​ នឹង​រួច​រាល់​នៅ​ឆ្នាំ​ក្រោយ។

លោកក៏​​មិន​ទាន់​​​អាច​ជួយបញ្ជាក់​ពី​កាល​បរិច្ឆេទ​​ជាក់​ស្តែង​ដែល​ទម្រង់​ថ្មី​នេះ​នឹង​អាច​រួច​រាល់​សម្រាប់​អនុ​​វត្តបាន​នៅ​ឡើយ​ទេ តែ​លោក​​រំ​ពឹង​ថា ​វា​នឹង​អាច​រួច​រាល់​សម្រាប់​ការ​អនុ​វត្តចាប់​ពី​​ឆ្នាំ ២០១៥ ត​ទៅ។

​កម្ពុជា​នឹង​ចូល​រួម​ក្នុង​សមាហរណកម្ម​សេដ្ឋ​កិច្ច​តំបន់ សហគមន៍​សេដ្ឋកិច្ច​អាស៊ាន​ ២០១៥ ដែល​ជា​គំ​និតផ្តួច​ផ្តើម​​​ផ្នែក​​សេដ្ឋ​កិច្ច​ដែល​នឹង​អនុញ្ញាត​ឲ្យ​មាន​លំ​ហូរ​ដោយ​សេរី​នៃ​​ទំ​និញ សេវា​កម្ម កម្លាំង​ពលកម្ម​​ជំ​នាញ និង​ដើម​ទុន​ពី​ប្រ​ទេស​មួយ​ទៅ​ប្រ​ទេស​មួយ​ទៀត​​ក្នុង​តំ​បន់។ អ្នក​ជំ​នាញ​ផ្នែក​​សេដ្ឋ​កិច្ច​បាន​លើក​ឡើង​ថា​ យន្ត​ការ​នេះ​នឹង​មាន​ឥទ្ធិ​ព​ល​​ខ្លាំង​ដល់​ការ​អភិ​វឌ្ឍ​សហគ្រាស​​ធុន​តូច​ និង​មធ្យម​។

តាម​ទិន្នន័យ​របស់​វិទ្យាស្ថាន​ជាតិ​ស្ថិតិ​ឆ្នាំ​ ២០១១ ​​បង្ហាញ​ថា ​កម្ពុជា​មាន​សហ​គ្រាស​ធុន​តូច​ និង​មធ្យម​ និង​សេ​វា​កម្ម​កំពុង​ដំ​ណើ​រ​ការ​អាជីវ​កម្ម​​នៅ​ទូ​ទាំង​ប្រ​ទេស​ចំ​នួន​ជាង​​​៥០​ម៉ឺន​មូល​ដ្ឋាន ក្នុង​នោះ​សហ​គ្រាស​ជា​ប្រ​ភេទ SME ​​តំ​ណាង​ដល់​​ ៩៩​​ ភាគ​រយនៃ​​សហ​គ្រាស​សរុប ហើយ​វា​​បង្កើត​​ការងារ​ជាង​ ១,៦​៧​ លាន​កន្លែង​​​នៅ​ក្នុង​ប្រ​ទេស​។​

លោក​ លី​ វិសាល ប្រ​ធាន​គ្រប់​​គ្រង​ការិយាល័យ​សម្ព័ន្ធ​សមា​គម​​សហ​គ្រាស​ធុន​តូច​ និង​មធ្យម​កម្ពុជា (FASMEC)​ ​បាន​ឲ្យ​ដឹង​ថា ក្នុង​ចំ​ណោម​សហ​គ្រាសធុន​តូច​ និង​មធ្យម​នៅ​កម្ពុជា​សរុប សហ​គ្រាស​ដែល​បាន​ចុះ​បញ្ជី​ត្រឹម​ត្រូវ​មាន​ប្រមាណ​​ ៥០​ ភាគ​រយ​ប៉ុណ្ណោះ​។ កត្តា​នេះ បូក​រួម​ទាំង​កង្វះ​ការ​កត់​ត្រាហិរញ្ញ​វត្ថុ​បាន​ត្រឹម​ត្រូវ​​បាន​ក្លាយ​ជា​ឧ​ប​សគ្គ​យ៉ាង​​ចម្បង​ដល់​ម្ចាស់​សហ​គ្រាស​ក្នុង​ការ​ទទួល​កម្ចី​ជា​លក្ខណៈ​ពាណិជ្ជ​កម្ម​កន្លង​មក​។ ​

លោក​ថ្លែង​ថា​៖​ «​វា​នឹង​ក្លាយ​ជា​កត្តា​ជំរុញ​យ៉ាង​ល្អ​មួយ​ប្រ​សិន​បើ​មាន​យន្ត​ការ​ជំ​រុញ​ឲ្យ​ម្ចាស់​ SME​ ​យល់​ដឹង​កាន់​តែ​ខ្លាំង​ទាក់ទង​នឹងប្រ​ព័ន្ធ​គណនេយ្យ​»។

លោក អ៊ិន ចាន់នី ប្រធាន​អគ្គ​នាយក​ធនាគារ​អេស៊ីលីដា បាន​ឲ្យ​ដឹង​ថា ការ​បង្កើត​ទម្រង់​ងាយ​​ស្រួល​ក្នុង​ការ​កត់​ត្រា​ចំណូល​ ចំណាយ​ក្នុង​សហគ្រាស​ខ្នាត​តូច​ និង​មធ្យម​នៅ​កម្ពុជា​គឺ​ជា​ការ​វិវឌ្ឍ​ល្អ​មួយ​។

លោក​បន្ថែម​ថា​ ការ​បង្ខំ​ឲ្យ​ម្ចាស់​ SME អនុវត្ត​ប្រព័ន្ធ​ហិរញ្ញវត្ថុ​ស្តង់​ដារ​ភ្លាម​ៗ​ជា​ការ​លំបាក​ខណៈ​ពួក​គាត់​មិន​មាន​ការ​យល់​ដឹង​អ្វី​សោះ​នោះ។​

លោក​ថ្លែង​ថា​៖ ​«​​ពេល​ដែល​ពួក​គាត់​​មាន​របាយ​ការណ៍​គណ​នេយ្យ​ច្បាស់​លាស់ វា​គឺ​ជា​ការ​ងាយ​ស្រួ​ល​ដល់​ពួក​គាត់​ក្នុង​ការ​ស្វែង​រក​ដៃ​គូ​សហ​ការ​វិនិយោគ និង​ងាយ​ស្រួល​ក្នុង​វាយ​​តម្លៃ​ផ្តល់​កម្ចី​ពី​ធនាគារ​ផង​ដែរ​»៕

Comments are closed.