សង្ខេបព័ត៌មានអចលនទ្រព្យសំខាន់ៗក្នុងឆ្នាំ ២០១៤
សង្ខេបព័ត៌មានអចលនទ្រព្យសំខាន់ៗក្នុងឆ្នាំ ២០១៤
ឆ្នាំ២០១៤ ត្រូវបានគេគិតថា ជាពេលដែលវិស័យអចលនទ្រព្យមានភាពល្អប្រសើរខ្លាំងនៅប្រទេសកម្ពុជា រហូតធ្វើឲ្យអ្នកជំនាញមួយចំនួនសម្តែងនូវការព្រួយបារម្ភខ្លាចកើតមានវិបត្តិទៀតផង។
ខាងក្រោមនេះគឺជាអត្ថបទសំខាន់ៗមួយចំនួនដែលបានចុះផ្សាយនៅក្នុងទំព័រសារព័ត៌មានកម្ពុជាចុងសប្តាហ៍ ក្នុងឆ្នាំ២០១៤។
ខែមករា
១-ក្រុមហ៊ុន Naga Corp, Ltd បានបញ្ចេញទុនវិនិយោគចំនួន៣៦៩លានដុល្លារដើម្បីអភិវឌ្ឍគម្រោងទី២របស់ខ្លួនដែលរួមបញ្ចូលនូវកន្លែងលេងល្បែង សណ្ឋាគារ និងសាលសិល្បៈ។
២-ស្របពេលហេដ្ឋារចនាសម្ព័ន្ធត្រូវបានអភិវឌ្ឍ និងការកើនឡើងនូវសំណង់អគារអាផាតមិន និងខុនដូកាន់តែច្រើនបានធ្វើឲ្យតម្លៃដីនៅសង្កាត់ទួលទំពូង និងសង្កាត់ផ្សារដើមថ្កូវ មានកំណើនក្នុងរង្វង់ ២០ ភាគរយ។ លោក គុយ វ៉ាត អគ្គនាយកក្រុមហ៊ុន វីត្រាស់ គ្រុប បានប្រាប់ថា ការកើនឡើងយ៉ាងច្រើននៃតម្លៃដីនៅតំបន់បឹងកេងកង បានធ្វើឲ្យអ្នកចង់ទិញដី និងលំនៅឋាន ជាច្រើនសម្រេចចិត្តផ្លាស់ទិសដៅទៅសង្កាត់ទួលទំពូង និងសង្កាត់ផ្សារដើមថ្កូវ ព្រោះតំបន់ទាំងនេះមានទីតាំងជិតតំបន់ពាណិជ្ជកម្មកណ្តាលក្រុង ខណៈតម្លៃដីធ្លីនៅមានភាពសមរម្យ។ ដីនៅតំបន់នោះគិតជាមធ្យមមានតម្លៃចាប់ពី ១៨០០ ទៅ ២០០០ ដុល្លារក្នុងមួយម៉ែត្រការ៉េ។
៣-គម្រោងសាងសង់អគារភ្លោះចំនួន ២ កម្ពស់ ៤៥ ជាន់ The Bridge ដែលជាការសហការគ្នារវាងក្រុមហ៊ុនក្នុងស្រុក World Bridge Land ជាមួយក្រុមហ៊ុនមកពីប្រទេស សិង្ហបុរី Oxley Holdings Limited ត្រូវបានប្រកាសជាផ្លូវការ។ The Bridge មានទីតាំងនៅជិតស្ថានទូតអូស្រ្តាលី ក្រោមទុនវិនិយោគចំនួន ៣០០ លានដុល្លារ ដោយមានបន្ទប់ស្នាក់នៅចំនួន៧០០យូនីត និងការិយាល័យខ្នាតតូចចំនួន៩០០ប្លុក។
៤-ទីផ្សារអាផាតមិន នឹងរឹតតែរីកចម្រើនបន្ថែមទៀត ដោយមានអគារអាផាតមិនចំនួន ៧៣ នឹងដាក់ឲ្យដំណើរការនៅពាក់កណ្តាល ឬចុងឆ្នាំ២០១៤។ នេះបើតាមការឲ្យដឹងពីលោក អ៊ិន ស៊ីថា អគ្គនាយករងក្រុមហ៊ុន វើលត្រាស់។
ខែកុម្ភៈ
១-បើទោះវិបត្តិនយោបាយនៅកម្ពុជាមិនទាន់បានបញ្ចប់ក្តីតែតម្លៃដីតាមបណ្តោយមហាវិថីព្រះនរោត្តម នៅតែមានកំណើនក្នុងរង្វង់១០ភាគរយ។ លោក គីម ហ៊ាង នាយកក្រុមហ៊ុនអចលនទ្រព្យ ខ្មែរ បានប្រាប់ថា តម្លៃដីនៅតាមមហាវិថីព្រះនរោត្តមមានកំណើនប្រហែល១០ភាគរយនាដើមឆ្នាំ ២០១៤ បើធៀបទៅឆ្នាំ ២០១៣។ បើតាមលោក គីម ហ៊ាង តម្លៃដីនៅតាមមហាវិថីខាងលើត្រូវបានបែងចែកជាកំណាត់ៗដូចជា ចាប់ពីវិមានឯករាជ្យ រហូតដល់វិទ្យាល័យព្រះស៊ីសុវត្ថិដីមានតម្លៃប្រហែល ៤០០០ ដុល្លារក្នុង ១ ម៉ែត្រការ៉េ ចាប់ពីវិទ្យាល័យព្រះស៊ីសុវត្ថិ ដល់វត្តភ្នំ មានតម្លៃចន្លោះពី ៣០០០-៣៥០០ ដុល្លារ និងចាប់ពីវិមានឯករាជ្យទៅដល់ស្តុបចំការមន ដីនៅខាងស្តាំដៃ មានតម្លៃចន្លោះពី ៤០០០ ទៅ ៤៥០០ ដុល្លារ តែបើនៅខាងឆ្វេងដៃចុះរហូតទៅដល់ស្ពានអាកាសក្បាលថ្នល់ដីមានតម្លៃ៣៥០០ដុល្លារ។
២-សមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា បានប្រកាសដំឡើងថ្លៃ ៥០ ដុល្លារទៅលើសេវាកម្មវាយតម្លៃអចលនវត្ថុ បន្ថែមពីលើតម្លៃដែលបានធ្វើនាពេលកន្លងមក។ លោក ចេង ខេង ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា បាននិយាយថា ការដែលសមាគមកំណត់ដំឡើងថ្លៃសេវាកម្មអប្បបរមាពី ១០០-១៥០ ដុល្លារក្នុងការវាយតម្លៃ ១ដង គឺសមាគមបានធ្វើការវិភាគលើការចំណាយរបស់បុគ្គលិកដែលចុះទៅធ្វើការងារជាក់ស្តែង។
៣-ខុនដូភ្លោះខ្ពស់កប់ពពកថ្មីមួយទៀតឈ្មោះ កាសា មេរីឌាន (Casa Meridian) កំពុងត្រៀមសាងសង់នៅទីក្រុងកោះពេជ្រ។ កាសា មេរីឌាន ត្រូវបានអភិវឌ្ឍដោយក្រុមហ៊ុនមកពីទីក្រុងហុងកុង ក្រោមកិច្ចសហការផ្តល់ឥណទានពីធនាគារ កាណាឌីយ៉ា។
ខែមីនា
១-របាយការណ៍ស្រាវជ្រាវរបស់ក្រុមហ៊ុន វីត្រាស់ គ្រុប បានបង្ហាញថា នៅដើមឆ្នាំ ២០១៤ ដីក្នុងរាជធានីភ្នំពេញមានតម្លៃជាមធ្យម ១៤៤០ ដុល្លារក្នុង ១ ម៉ែត្រការ៉េ ចំណែកដីដែលមានតម្លៃថ្លៃជាងគេ គឺស្ថិតក្នុងសង្កាត់បឹងកេងកង ១ ខណ្ឌចំការមន ដោយនៅទីនោះដីមានតម្លៃ៥៩០០ដុល្លារក្នុងមួយម៉ែត្រការ៉េ និងដីដែលមានតម្លៃថោកជាងគេនៅភ្នំពេញមានតម្លៃប្រហែល១០ដុល្លារស្ថិតក្នុងខណ្ឌសែនសុខ។
២-លោក សន សៀប នាយកក្រុមហ៊ុន ឃី រៀលអេស្ទេត បានឲ្យដឹងថា តម្លៃដីក្នុងក្រុងបាត់ដំបង បានកើនឡើងប្រហែល១២ភាគរយនៅដើមឆ្នាំនេះ បើប្រៀបធៀបទៅនឹងត្រីមាសទី១ក្នុងឆ្នាំ ២០១៣។ លោកបានថ្លែងថា ការកើនឡើងនៃតម្លៃដីធ្លីនៅក្នុងក្រុងបាត់ដំបង គឺដោយសារតែការកើនឡើងនៃប្រាក់ចំណូលរបស់ប្រជាជននៅក្នុងតំបន់។
៣-អ្នកជំនាញផ្នែកអចលនទ្រព្យ និងអ្នកវិនិយោគក្នុងវិស័យសំណង់បាននិយាយថា តម្លៃលំនៅឋាននៅកម្ពុជាមានកំណើនចន្លោះពី ១០-២០ ភាគរយក្នុងឆ្នាំ ២០១៤ បើប្រៀបធៀបទៅនឹងឆ្នាំ ២០១៣ កន្លងមក។ លោក គីម ហ៊ាង នាយកក្រុមហ៊ុន ខ្មែរ រៀលអេស្ទេត បានប្រាប់ថា តាមព័ត៌មានដែលលោកទទួលបាន គឺការលក់លំនៅឋានក្នុងបុរីនានាកំពុងមានដំណើរការល្អ ដោយអ្នកទិញភាគច្រើន គឺទិញទុកស្នាក់នៅ ចំណែកអ្នកទិញដើម្បីលក់បន្តមិនសូវមានទេ។
ខែមេសា
១-ដោយមើលឃើញសក្តានុពល និងតម្រូវការការិយាល័យកម្រិត A កាន់តែមានចំនួនកើនឡើងជាបន្តបន្ទាប់នោះ ក្រុមហ៊ុនក្នុងស្រុកមួយបានសហការជាមួយក្រុមហ៊ុនមកពីក្រៅប្រទេស ដើម្បីវិនិយោគលើការសាងសង់អគារការិយាល័យលំដាប់ A នៅក្នុងរាជធានីភ្នំពេញ។ គម្រោងកសាងអគារការិយាល័យដ៏ធំ និងទំនើបខាងលើ នឹងចាប់ផ្តើមសាងសង់នៅដើមឆ្នាំ ២០១៥ ស្ថិតនៅតាមមហាវិថីព្រះនរោត្តម ដោយមានកម្ពស់ ២៥ ជាន់ (ចំណតរថយន្ត ៥ ជាន់) ក្រោមទឹកប្រាក់វិនិយោគ ៥០ លានដុល្លារ និងគ្រោងសាងសង់រយៈពេល ៣ឆ្នាំ។
២-បន្ទាប់ពីរង់ចាំអស់រយៈពេលដ៏យូរមក អគារពាណិជ្ជកម្ម វឌ្ឍនៈថោវើ បានបើកដំណើរការអគារការិយាល័យរបស់ខ្លួនហើយ បើទោះបីជាមិនទាន់ដំណើរការពេញលេញក៏ដោយ។ អគារនេះមានបណ្តុះនូវសេវាកម្មចម្រុះដូចជា ទីតាំងសម្រាប់ប្រើប្រាស់ជាការិយាល័យធ្វើការ សណ្ឋាគារ ភោជនីយដ្ឋាន និងផ្សារទំនើប លក់ទំនិញម៉ាកល្បីៗលំដាប់អន្តរជាតិ។ អគារវឌ្ឍនៈត្រូវបែងចែកជាបីផ្នែក គឺចាប់ពីជាន់ក្រោមដី និងផ្នែកខ្លះនៃជាន់ទី ១ គឺជាផ្សារទំនើប ចាប់ពីជាន់ទី ១ ដល់ជាន់ទី ២ ជាការិយាល័យកណ្តាលរបស់ធនាគារវឌ្ឍនៈ ពីជាន់ទី៣-២៣ ជាទីតាំងអគារការិយាល័យ និងចាប់ពីជាន់ទី ២៥ ដល់ជាន់ទី ៣៩ គឺជាសណ្ឋាគារលំដាប់ផ្កាយប្រាំឈ្មោះ Rosewood។
ខែឧសភា
១-ការកើនឡើងនៃអ្នកវិនិយោគថ្មីៗចូលមកកម្ពុជា បានធ្វើឲ្យតម្រូវការអគារការិយាល័យក្នុងត្រីមាសទី ១ ឆ្នាំ២០១៤ មានកំណើនចាប់ពី ១០-១៥ ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ប្រធានគ្រប់គ្រងទូទៅក្រុមហ៊ុន អេស៊ា រៀលអេស្ទេត លោក ប៉ូ អ៊ាវគង់ ប្រាប់ថា តម្រូវការការិយាល័យជួលបានឡើងក្នុងត្រីមាសទី១ ដោយតម្រូវការការិយាល័យជួលកម្រិត A មានកំណើនពី ១០-១៥ ភាគរយ ការិយាល័យកម្រិត B មានកំណើនចាប់ពី ២០-២៥ ភាគរយ និងការិយាល័យកម្រិត C មានកំណើនច្រើនជាងគេ ខណៈការផ្គត់ផ្គង់ក៏មានកំណើនខ្ពស់ផងដែរ។
២-គិតត្រឹមដំណាច់ខែមេសា ឆ្នាំ២០១៤ មានជនបរទេសទិញខុនដូនៅកម្ពុជាចំនួនជាង ១២០០ យូនីត ដែលចំនួននេះកើនឡើងពី១០-១៥ ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ នេះបើតាម លោក ហ៊ិន សុជាតិ អនុប្រធានផ្នែកស្រាវជ្រាវអចលនវត្ថុនៃក្រុមហ៊ុន ប៊ុណ្ណា រៀលធី។ ជនបរទេសទិញខុនដូនៅកម្ពុជាភាគច្រើនជាជនជាតិសិង្ហបុរី ម៉ាឡេស៊ី ចិន និងជប៉ុន។
៣-តម្រូវការឃ្លាំងជួលបានកើនឡើងក្នុងរយៈពេល៥ខែដើមឆ្នាំ ២០១៤។ ប្រធានក្រុមហ៊ុន ថោន ស៊ីធី លោក វ៉ន ចាន់ថន បានប្រាប់ថា តម្រូវការឃ្លាំងជួលកើនឡើងភាគច្រើនតំបន់ចំការដូង ផ្លូវវេងស្រេង ចោមចៅ ព្រមទាំងនៅតាមបណ្តោយផ្លូវជាតិលេខ ៣ និងលេខ៤។ លោកបានបន្តថា ឃ្លាំងដែលមានតម្រូវការច្រើន គឺទំហំចាប់ពី ៣០០០-៦០០០ ម៉ែត្រការ៉េ ដោយមានតម្លៃក្នុង១ខែជាមធ្យម ១,៨ ដុល្លារក្នុងមួយម៉ែត្រការ៉េ។
៤-សិក្ខាសាលាស្តីពីការផ្សព្វផ្សាយគណៈស្ថាបត្យករកម្ពុជា ត្រូវបានធ្វើឡើងនៅសាលសន្និសីទចតុមុខ កាលពីថ្ងៃទី២០ ខែឧសភា ក្នុងគោលបំណងដើម្បីប្រមូលផ្តុំ និងគ្រប់គ្រងស្ថាបត្យករដែលបានចុះបញ្ជីនៅគណៈស្ថាបត្យករ លើកកម្ពស់វិជ្ជាជីវៈស្នាដៃរបស់ស្ថាបត្យករ និងកិត្យានុភាពនៃស្ថាបត្យកម្មនៅកម្ពុជា។
៥-បន្ទាប់ពីទទួលបានជោគជ័យក្នុងគម្រោងដំណាក់កាលទី១ ពេលនេះអ្នកវិនិយោគបុរី រីវើ ថោន គ្រោងនឹងបណ្តាក់ទុនបន្ថែម ១០០ លានដុល្លារទៀត ដើម្បីអភិវឌ្ឍគម្រោងដំណាក់កាលទី២។ លោក តេង រិទ្ធី ប្រធានគ្រប់គ្រងគម្រោងបុរី រីវើ ថោន បានប្រាប់ថា រហូតមកដល់ពេលនេះការសាងសង់ផ្ទះក្នុងគម្រោងដំណាក់កាលទី១របស់បុរីរីវើ ថោន សម្រេចបានប្រហែល៥០ភាគរយ និងបានលក់បានជាង៨០ភាគរយហើយ។
ខែមិថុនា
១-ក្រុមហ៊ុនមួយមកពីប្រទេសចិនកំពុងចាប់ផ្តើមវិនិយោគសាងសង់ខុនដូរាងត្រីកោណមួយកម្ពស់ ១៤ ជាន់ និងផ្ទះល្វែងមួយចំនួនទៀតនៅកោះពេជ្រ ដែលមានឈ្មោះថា ដាយមិន វ័ន។
២-ការសាងសង់ពហុកីឡដ្ឋានមរតកតេជោ កំពុងសាងសង់អគារកីឡដ្ឋានក្នុងដំណាក់កាលទី១ជាបណ្តើរៗ ខណៈការសាងសង់កីឡដ្ឋានធំដែលអាចផ្ទុកមនុស្សបាន ៧៥០០០ នាក់មិនទាន់កំណត់ពេលវេលាជាក់លាក់។
៣-តម្លៃកម្លាំងពលកម្មវិស័យសំណង់បានកើនឡើងប្រហែល២០ភាគរយជារៀងរាល់ឆ្នាំ ខណៈកម្ពុជាកំពុងប្រឈមនឹងវិបត្តិខ្វះកម្មករជំនាញ។ លោក ទូច សំណាង អគ្គនាយករងក្រុមហ៊ុន OCIC ដែលកំពុងប្រើប្រាស់កម្មករចន្លោះពី ៦០០០-៧០០០ នាក់ជារៀងរាល់ថ្ងៃ បានប្រាប់ថា បច្ចុប្បន្នក្រុមហ៊ុនកំពុងជួបការលំបាកពីរយ៉ាង ទី១ ពិបាករកកម្មករជំនាញ និងទី២តម្លៃពលកម្ម កំពុងកើនឡើង។
លោកបន្តថា បច្ចុប្បន្នកម្មករមិនចេះអ្វីសោះទទួលបានប្រាក់ឈ្នួល ១៦០០០ រៀលក្នុង ១ថ្ងៃ និងកម្មករមានជំនាញទទួលបាន ៤០០០០ រៀល។
៤-ទោះបីជួបបញ្ហាតិចតួចក្តី តែពេលនេះប្រព័ន្ធវាយតម្លៃអចលនទ្រព្យនៅកម្ពុជាចាប់ផ្តើមមានភាពល្អប្រសើរជាបណ្តើរៗហើយ ខណៈមានស្ថាប័នហិរញ្ញវត្ថុនៅកម្ពុជារហូតដល់៩០ភាគរយបានទទួលយកប្រព័ន្ធវាយតម្លៃពីក្រុមហ៊ុនអចលនទ្រព្យដែលមានជំនាញត្រឹមត្រូវ។ កាលពីមុនធនាគារនានាតែងប្រើប្រាស់ប្រព័ន្ធវាយតម្លៃផ្ទៃក្នុងរបស់ពួកគេ ប៉ុន្តែពេលនេះមានធនាគារជាង ៩០ ភាគរយបានងាកមកប្រើប្រាស់សេវាកម្មវាយតម្លៃពីក្រុមហ៊ុនជំនាញដែលជាសមាជិករបស់សមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា។
ខែកក្កដា
១-ស្របពេលការស្ទុះឡើងការវិនិយោគលើវិស័យអចលនទ្រព្យ ក្រុមអ្នកជំនាញក្នុងវិស័យនេះបានព្រមានពីការចូលមកក្រឡុកទីផ្សារ និងហានិភ័យផ្សេងៗដែលអាចកើតមាននៅក្នុងវិស័យនេះជាថ្មី។ ហានិភ័យដែលអ្នកជំនាញអចលនទ្រព្យសំដៅដល់គឺការឡើងថ្លៃដីនៅតំបន់ខ្លះលើសពីការរំពឹងទុកដូចជានៅតំបន់ជ្រោយចង្វារជាដើម។
២-កំណើនប្រជាជន និងការផ្លាស់ប្តូរមុខមាត់ថ្មីរបស់រាជធានីភ្នំពេញ បានធ្វើឲ្យក្រុមហ៊ុនថៃ Trading Group លើកពីគម្រោងក្នុងការសាងសង់ផ្សារទំនើប និងចំណតរថយន្តនៅក្រោមដីថ្មីមួយនៅចំណុចជិតផ្សារចាស់ គឺចាប់ពីស្ពាននាគទៅដល់មាត់ទន្លេ។
៣-បន្ទាប់ពីបានដកខ្លួនចេញពីការងារជាអ្នកជំនួញផ្នែកអចលនទ្រព្យរយៈពេល ១៨ ខែ លោក ស៊ឹង ប៊ុណ្ណា អគ្គនាយកក្រុមហ៊ុន ប៊ុណ្ណា រៀលធី គ្រុប បានប្រកាសខ្លួនចូលប្រឡូកក្នុងវិស័យនេះជាថ្មីម្តងទៀត។
៤-ក្រុមអ្នកជំនាញផ្នែកអចលនទ្រព្យបាននិយាយថា ប្រទេសកម្ពុជាកំពុងប្រឈមមុខនឹងកង្វះខាតធនធានមនុស្សសម្រាប់វិស័យអចលនទ្រព្យ។ លោក ចេង ខេង ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា បានថ្លែងថា ដោយសារវិស័យអចលនទ្រព្យមានការរីកចម្រើនបានធ្វើឲ្យកម្ពុជាជួបការខ្វះខាតធនធានមនុស្សដែលមានជំនាញក្នុងវិស័យនេះជាច្រើន។
ខែសីហា
១-ដោយមើលឃើញអំពីអនាគតដ៏ល្អរបស់ប្រទេសកម្ពុជាក្រុមហ៊ុន SRING CJW Development Ptd Ltd ដែលជាក្រុមហ៊ុនវិនិយោគមួយមកពីប្រទេសសិង្ហបុរី បានសម្រេចធ្វើការអភិវឌ្ឍខុនដូមួយកន្លែងដែលមានឈ្មោះថា AXIS។ គម្រោងនេះគ្រោងនឹងចំណាយទឹកប្រាក់៧០លានដុល្លារ ដោយមានទីតាំងស្ថិតនៅតាមផ្លូវ២០០៤ ជិតអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ។
គម្រោងនេះមានអគារខុនដូកម្ពស់១០ជាន់ចំនួន៨ ស្មើនឹងបន្ទប់ស្នាក់នៅចំនួន៥៦៦ ព្រមទាំងមានចំណតរថយន្តកម្ពស់៦ជាន់។
២-តម្លៃដីនៅអរិយក្សត្រមានកំណើនយ៉ាងខ្ពស់គួរឲ្យកត់សម្គាល់។ អគ្គនាយកក្រុមហ៊ុន ថោន ស៊ីធី លោក វ៉ន ចាន់ថន បានប្រាប់ថា ចាប់តាំងពីខែមិថុនាមកចលនាទិញ លក់ដីនៅតំបន់អរិយក្សត្របានកើនឡើងយ៉ាងគំហុក ដោយតម្លៃដីកើនឡើងចន្លោះពី ២៥-៣០ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ដីនៅតាមផ្លូវធំៗដែលចាក់កៅស៊ូរួចមានតម្លៃពី ១២០-១៥០ ដុល្លារក្នុង១ម៉ែត្រការ៉េ ចំណែកដីនៅតាមបណ្តោយមាត់ទន្លេ មានតម្លៃចាប់ពី ២០០-២៥០ ដុល្លារ និងដីតាមផ្លូវតូចៗចូលទៅក្នុងមានតម្លៃពី ៥០-៨០ ដុល្លារ។ តម្លៃនេះបន្តធ្លាក់ចុះរហូតដល់ ៥ ដុល្លារក្នុង ១ ម៉ែត្រការ៉េ។
៣-ទុនវិនិយោគវិស័យសំណង់នៅកម្ពុជាក្នុងរយៈពេល៥ខែ ឆ្នាំ២០១៤កើនឡើង២១០ភាគរយ បើប្រៀបធៀបទៅនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០១៣។ នេះបើយោងតាមទិន្នន័យពីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់។
៤-ក្នុងគោលដៅពង្រឹងសមត្ថភាពជំនាញវិជ្ជាជីវៈ និងពង្រីកបណ្តាញជាអន្តរជាតិក្រុមហ៊ុន វីត្រាស់ គ្រុប បាននាំចូល Master Franchise ពីក្រុមហ៊ុន Century21 របស់សហរដ្ឋអាមេរិកមកប្រទេសកម្ពុជា។ អគ្គនាយកក្រុមហ៊ុនវីត្រាស់ គ្រុប លោក គុយ វ៉ាត បានប្រាប់ថា ការនាំចូលក្រុមហ៊ុន Century21 មកកម្ពុជានៅពេលនេះមិនត្រឹមតែជាលក្ខណៈ Franchise នោះទេ គឺនាំចូល Master Franchise តែម្តងដែលនេះមានន័យថា ក្រុមហ៊ុនអាចលក់ Franchisee ឬ Sub Franchise ដល់ក្រុមហ៊ុនណាដែលចាប់អារម្មណ៍នឹងការរកស៊ីក្នុងវិស័យនេះបន្តទៀត។
ខែកញ្ញា
១-ជនបរទេសដែលកាន់កាប់ចំណែកលំនៅឋានសហកម្មសិទ្ធិនៅកម្ពុជាគិតត្រឹមខែមិថុនា ឆ្នាំ ២០១៤ មានចំនួន ១៣០៥ យូនីត ខណៈកាលពីត្រីមាសទី១ ឆ្នាំ ២០១៣ មាន ១១០០ យូនីត។ ទិន្នន័យពីក្រសួងរៀបចំ ដែនដី នគរូបនីយកម្ម និងសំណង់ បានឲ្យដឹងថា គិតត្រឹមដំណាច់ខែមិថុនា ឆ្នាំ២០១៤ មានអគារសហកម្មសិទ្ធិចំនួន១៣០៥យូនីត ត្រូវបានគ្រប់គ្រងដោយជនបរទេស។
២-តម្រូវការដី និងកម្រិតជីវភាពប្រជាជនកាន់តែកើនឡើង បានធ្វើឲ្យតម្លៃដីធ្លីនៅមហាវិថីសហព័ន្ធ រុស្ស៊ី មានកំណើនក្នុងរង្វង់ពី ១០-២០ ភាគរយ ក្នុងរយៈពេល ៨ ខែដើមឆ្នាំ ២០១៤ នេះ បើប្រៀបធៀបនឹងរយៈពេលដូចគ្នា កាលពីឆ្នាំមុន។
ខែតុលា
១-គម្រោងអភិវឌ្ឍន៍រមណីយដ្ឋានកោះឫស្សី ដែលអភិវឌ្ឍដោយក្រុមហ៊ុន City Star គ្រោងនឹងបញ្ចប់គម្រោងរបស់ខ្លួនទាំងមូលនៅក្នុងឆ្នាំ ២០១៩។ លោក Halim Bohli ប្រធានផ្នែកអចលនទ្រព្យនៃរមណីយដ្ឋានដ្ឋានកោះឫស្សី បានឲ្យដឹងថា គម្រោងអភិវឌ្ឍន៍កោះឫស្សីត្រូវបានបែងចែកចេញជាបីដំណាក់កាល ដោយដំណាក់កាលទី១គ្រោងនឹងបញ្ចប់នៅចុងឆ្នាំ ២០១៥ ខណៈគម្រោងទាំងមូលនឹងត្រូវបញ្ចប់ក្នុងឆ្នាំ ២០១៩។
២-គម្រោងអភិវឌ្ឍន៍ខុនដូ Embassy Residences ដែលបានចាប់ផ្តើមសាងសង់កាលពីអំឡុងខែកុម្ភៈនោះ បានបើកលក់ជាផ្លូវការហើយកាលពីចុងខែតុលា។ តាមផែនការការសាងសង់អគារទាំងមូលនឹងត្រូវបញ្ចប់ក្នុងត្រីមាសទី៤ ឆ្នាំ២០១៦។ Embassy Residences មានទីតាំងស្ថិតនៅតាមផ្លូវលេខ៤១ និងស្ថិតនៅក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។
៣-នៅចុងឆ្នាំ២០១៧ ខាងមុខនៅភាគអាគ្នេយ៍នៃពហុកីឡដ្ឋានជាតិអូឡាំពិកកម្ពុជានឹងមានអគារខុនដូភ្លោះដ៏ល្អមួយកម្ពស់៣៥ជាន់លេចឡើងនៅទីនោះ។ Sky Villa គឺជាគម្រោងសាងសង់ខុនដូភ្លោះដ៏ធំមួយរបស់ក្រុមហ៊ុន Crystal Orange Construction Plc ដែលមានចំនួន២៥៦យូនីត ស្ថិតនៅបណ្តោយមហាវិថីព្រះសីហនុ ក្រោមទុនវិនិយោគប្រហែល ១០០ លានដុល្លារ។
៤-គោលបំណងប្រកបដោយមហិច្ឆតារបស់ក្រុមហ៊ុនអភិវឌ្ឍន៍ ING Holding Co, Ltd ក្នុងការបង្កើតក្រុងរណបថ្មីមួយដែលមានឈ្មោះថា ING City ស្ថិតនៅភាគខាងត្បូងនៃរាជធានីភ្នំពេញ ដើម្បីឆ្លើយតបទៅនឹងកំណើនប្រជាជន និងការរីកចម្រើននៃវិស័យអចលនទ្រព្យនៅពេលនេះកំពុងដំណើរការទៅមុខយ៉ាងរលូន។ ទីក្រុងរណបនេះមានផ្ទៃដី ២៥៧២ ហិកតា និងអាងស្តុកទឹក៥២០ហិកតា ដោយភ្ជាប់ខណ្ឌចំនួន ៣ របស់រាជធានីភ្នំពេញ គឺខណ្ឌចំការមន ខណ្ឌមានជ័យ ខណ្ឌដង្កោ និងក្រុងតាខ្មៅ របស់ខេត្តកណ្តាល។
ខែវិច្ឆិកា
១-ដឺភូមិ អេមើរ៉លដ៍ (The Bhumi Emerald) គឺជាឈ្មោះខុនដូកម្ពស់២៤ជាន់មួយដែលបានចាប់ផ្តើមសាងសង់ឡើងនៅជិតផ្សារទួលទំពូង។ អគារនេះសាងសង់លើផ្ទៃដីទំហំ៤៦៨ម៉ែត្រការ៉េ ដោយមានបន្ទប់ស្នាក់នៅសរុបចំនួន៤៧យូនីត និងត្រូវចែកចេញជា៤ប្រភេទ។ ខុនដូ ដឺភូមិ អេមើរ៉លដ៍ គ្រោងនឹងប្រើពេលសាងសង់ចំនួន២ឆ្នាំ។
២-តម្រូវការលំនៅឋានថ្មី ស្របពេលកំណើនប្រាក់ចំណូល និងគ្រួសារថ្មី បានជំរុញឲ្យការផ្តល់ប្រាក់កម្ចីទិញលំនៅឋានរបស់ធនាគារអេស៊ីលីដាក្នុងរយៈពេល ៩ខែ ឆ្នាំ២០១៤ កើនឡើង ២២ ភាគរយ បើប្រៀបធៀបទៅនឹងរយៈពេលដូចគ្នា កាលពីឆ្នាំមុន។
៣-Gold Tower 42 កំពុងក្លាយជានិមិត្តរូបអាក្រក់មួយនៃការអភិវឌ្ឍវិស័យសំណង់នៅកម្ពុជា។ ទោះបីយ៉ាងណាកាលពីពេលថ្មីៗនេះមានដំណឹងថា ម្ចាស់អគានេះត្រៀមចាប់ផ្តើមសាងសង់ឡើងវិញហើយ។
លោក ស៊ឹង ប៊ុណ្ណា អគ្គនាយកក្រុមហ៊ុន ប៊ុណ្ណា រៀលធី គ្រុប បាននិយាយថា លោកធ្លាប់បានជួបជាមួយថ្នាក់គ្រប់គ្រង Gold Tower 42 ដោយគេបានប្រាប់ថា អគារនេះនឹងត្រូវចាប់ផ្តើមសាងសង់ឡើងវិញនៅពេលឆាប់ៗ។ តែទោះបីជាយ៉ាងណាគេមិនបានបញ្ជាក់ឲ្យដឹងពីពេលវេលាជាក់លាក់នៃការសាងសង់ឡើងវិញនោះទេ។
៤-ការដ្ឋានសាងសង់ផ្សារទំនើបលំដាប់អន្តរជាតិ PARKSON ដែលស្ថិតនៅបណ្តោយមហាវិថីសហព័ន្ធរុស្ស៊ីកំពុងដំណើរការទៅមុខយ៉ាងរលូន ខណៈការបើកជាផ្លូវការគ្រោងនឹងធ្វើនៅអំឡុងចុងឆ្នាំ២០១៥។ PARKSON គឺជាឈ្មោះក្រុមហ៊ុនផ្សារទំនើបមួយរបស់ប្រទេសម៉ាឡេស៊ី ដោយរហូតមកទល់ ខែតុលា ឆ្នាំ២០១៤ នេះ PARKSON បានបោះទីតាំងចំនួន ១៤១ កន្លែងនៅទូទាំងទ្វីបអាស៊ី។
តាមគម្រោងការសាងសង់ផ្សារទំនើប PARKSON កម្ពស់៩ជាន់ និងមាន ២ ជាន់នៅក្រោមដី នឹងត្រូវបញ្ចប់នៅក្នុងត្រីមាសទី ២ នៃឆ្នាំ២០១៥។
៥-មន្ត្រីជាន់ខ្ពស់រដ្ឋាភិបាលបានលើកឡើងថា កង្វះធនធានមនុស្សដែលមានជំនាញក្នុងវិស័យអចលនទ្រព្យនៅតែជាឧបសគ្គ និងបញ្ហាចម្បងដើម្បីឆ្លើយតបទៅនឹងភាពរីកចម្រើនក្នុងវិស័យនេះនាពេលបច្ចុប្បន្ន។
លោក ម៉ី វ៉ាន់ អគ្គនាយកនៃអគ្គនាយកដ្ឋានឧស្សាហកម្ម ហិរញ្ញវត្ថុ និងជាប្រធានក្រុមប្រឹក្សាភិបាលនៃសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា បានថ្លែងថា ការពង្រឹងសមត្ថភាពដល់អ្នកដែលបម្រើការងារក្នុងវិស័យអចលនវត្ថុពិតជាមានសារៈសំខាន់ណាស់ ពិសេសនៅពេលកម្ពុជា ធ្វើសមាហរណកម្មសេដ្ឋកិច្ចទៅក្នុងតំបន់អាស៊ាន នាចុងឆ្នាំ ២០១៥ ខាងមុខ។
៦-ការកើនឡើងនៃតម្រូវការលំនៅឋានថ្មីស្របពេលការទម្លាក់អត្រាការប្រាក់របស់ធនាគារទាក់ទងនឹងកម្ចីអចលនវត្ថុ បានធ្វើឲ្យតម្រូវការសេវាកម្មវាយតម្លៃអចលនវត្ថុកើនឡើងជាបន្តបន្ទាប់។ លោក ស៊ា ឆៃលីន នាយកប្រតិបត្តិក្រុមហ៊ុនអចលនទ្រព្យស៊ីអិល រៀលធី បាននិយាយថា គិតត្រឹមដំណាច់ខែវិច្ឆិកា នេះមានអតិថិជនជាច្រើនបានមករកក្រុមហ៊ុនរបស់លោកឲ្យជួយវាយតម្លៃ។
លោកបានបន្តថា ការវាយតម្លៃនោះត្រូវបានធ្វើឡើងក្នុងគោលបំណងជាច្រើនដូចជា ចង់ដឹងពីតម្លៃអចលនវត្ថុនាពេលបច្ចុប្បន្ន ដើម្បីដាក់របាយការណ៍វាយតម្លៃទៅធនាគារ ស្ថានទូត ឬស្ថាប័ន និងការដាក់បង្ហាញដល់ដៃគូពាណិជ្ជកម្មដែលត្រូវសហការគ្នាជាដើម។
ខែធ្នូ
១-ដើម្បីផ្សព្វផ្សាយអំពីការរីកចម្រើននៃវិស័យសំណង់នៅកម្ពុជា និងរបកគំហើញនៃបច្ចេកវិទ្យាថ្មីៗដែលទាក់ទងនឹងវិស័យសំណង់ ក៏ដូចជាការរឹតចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងសមាជិកនៅក្នុងសមាគមឲ្យកាន់តែមានភាពល្អប្រសើរនោះសមាគមអ្នកសាងសង់កម្ពុជា កាលពីថ្ងៃទី៣-៥ ខែធ្នូ កន្លងមក បានរៀបចំធ្វើពិធីតាំងពិព័រណ៍មួយដែលមានឈ្មោះថា «ពិព័រណ៍ឧស្សាហកម្មសំណង់កម្ពុជា»។
២-ដោយសម្លឹងឃើញពីសក្តានុពលនៃវិស័យសេដ្ឋកិច្ច ស្របពេលចំនួនជនបរទេស ពិសេសជនជាតិជប៉ុនដែលធ្វើដំណើរមកប្រទេសកម្ពុជាកាន់តែកើនឡើងនោះ ក្រុមហ៊ុនអចលនទ្រព្យដ៏ធំរបស់ជប៉ុន Leopalace21 Corporation បានសម្រេចចិត្តមកបើកការិយាល័យផ្លូវការរបស់ខ្លួននៅកម្ពុជា។
៣-គម្រោងបង្កើតមជ្ឈមណ្ឌលពាណិជ្ជកម្ម និងលំនៅឋាន Booyoung Town ដែលគ្រោងនឹងចំណាយទុនវិនិយោគ១,១ពាន់លានដុល្លារ ស្ថិតនៅមហាវិថីសហព័ន្ធរុស្ស៊ី នឹងចាប់ផ្តើមបើកដំណើរការសាងសង់អគារមួយចំនួនក្នុងឆ្នាំ២០១៥ ខាងមុខនេះហើយ។ គម្រោងនេះបានបើកសម្ពោធការដ្ឋានជាផ្លូវការកាលពីចុងខែឧសភា ឆ្នាំ២០១៣ លើផ្ទៃដី ២៣,៥ ហិកតា ជិតស្ពានអាកាស ៧មករា៕