ក្រសួងនឹងធ្វើប្រព័ន្ធគណនេយ្យសម្រាប់ SME
ក្រសួងនឹងធ្វើប្រព័ន្ធគណនេយ្យសម្រាប់ SME
ភ្នំពេញៈ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុកំពុងតាក់តែងទម្រង់ថ្មីនៃរបៀបកត់ត្រាចំណូលចំណាយដើម្បីអនុវត្តក្នុងអាជីវកម្មខ្នាតតូច និងមធ្យម (SME) ដែលមានលក្ខខណ្ឌងាយស្រួលជាងប្រព័ន្ធស្តង់ដារក្នុងគោលដៅជំរុញឲ្យ SME នៅកម្ពុជាផ្តើមអនុវត្តរបាយការណ៍គណនីឲ្យបានកាន់តែទូលំទូលាយ។
ទម្រង់ថ្មីនេះគឺធ្វើឡើងដើម្បីពង្រឹងការអនុវត្តរបាយការណ៍ហិរញ្ញវត្ថុនៅ SME ដើម្បីធ្វើឲ្យវិស័យនេះអភិវឌ្ឍបានលឿនជាងបច្ចុប្បន្ន។ វានឹងបង្កភាពងាយស្រួលដល់រដ្ឋាភិបាលក្នុងការពង្រឹងប្រសិទ្ធភាពប្រមូលពន្ធ និងផ្តល់ភាពងាយស្រួលដល់គ្រឹះស្ថានផ្តល់កម្ចីក្នុងការវាយតម្លៃពីស្ថានភាពសហគ្រាសមុននឹងសម្រេចផ្តល់កម្ចី។
លោក ងី តាយី រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានក្រុមប្រឹក្សាជាតិគណនេយ្យ បានឲ្យដឹងថា ក្រុមប្រឹក្សាជាតិគណនេយ្យកំពុងធ្វើទម្រង់បញ្ជីគណនេយ្យដែលមានភាពងាយស្រួល និងកាត់បន្ថយភាពស្មុគស្មាញដើម្បីអនុវត្តឲ្យស្របតាមសមត្ថភាពជាក់ស្តែងរបស់ម្ចាស់សហគ្រាសភាគច្រើននៅកម្ពុជា។
លោកបានឲ្យដឹងថា បើទោះបីជាកម្ពុជាមានច្បាប់ស្តីពីស្តង់ដារគណនេយ្យដើម្បីអនុវត្តតាំងពីឆ្នាំ ២០០២ តែការអនុវត្តជាក់ស្តែងក្នុងអាជីវកម្មខ្នាតតូចនៅកម្ពុជាមានកម្រិតតិចតួចមែនទែន។
លោកថ្លែងថា៖ «ដើម្បីជួយអាជីវករ និងពាណិជ្ជករតូចតាច យើងកំពុងតែរៀបចំទម្រង់បញ្ជី[ហិរញ្ញវត្ថុ]ឲ្យស្រួលជាងរបាយការណ៍ស្តង់ដារហិរញ្ញវត្ថុ។ យើងនឹងធ្វើជាសៀវភៅមួយតូចដើម្បីឲ្យគាត់យល់ដឹងពីការកត់ត្រាចំណូលចំណាយបានស្រួល»។
លោកបន្តថា នេះជាយន្តការមួយដើម្បីលើកទឹកចិត្តដល់ម្ចាស់សហគ្រាសខ្នាតតូចឲ្យចេះប្រើរបាយការណ៍គណនីក្នុងកម្រិតមួយសិន មុននឹងឈានដល់កម្រិតស្តង់ដារ។
លោកអះអាងថា៖ «វាជាគន្លឹះមួយនៃការជួយអភិវឌ្ឍសេដ្ឋកិច្ច ព្រោះសហគ្រាសតូចៗហ្នឹងមានចំណែកច្រើនក្នុងការអភិវឌ្ឍសេដ្ឋកិច្ចរបស់កម្ពុជាយើង»។
បើយោងតាមលោក ងី តាយី ទម្រង់គណនេយ្យថ្មីនេះជាទម្រង់ងាយស្រួលមួយ ហើយម្ចាស់សហគ្រាសត្រូវការរយៈពេលខ្លីដើម្បីសិក្សាគឺត្រូវការរយៈពេលត្រឹមពីបីខែទៅប្រាំមួយខែ។ យ៉ាងណាក៏ដោយ លោកមិនទាន់អាចបញ្ជាក់ថា ទម្រង់ថ្មីនេះនឹងអាចរួចរាល់សម្រាប់ដាក់ឲ្យអនុវត្តបាននៅពេលណានោះទេ តែរំពឹងថា នឹងរួចរាល់នៅឆ្នាំក្រោយ។
លោកក៏មិនទាន់អាចជួយបញ្ជាក់ពីកាលបរិច្ឆេទជាក់ស្តែងដែលទម្រង់ថ្មីនេះនឹងអាចរួចរាល់សម្រាប់អនុវត្តបាននៅឡើយទេ តែលោករំពឹងថា វានឹងអាចរួចរាល់សម្រាប់ការអនុវត្តចាប់ពីឆ្នាំ ២០១៥ តទៅ។
កម្ពុជានឹងចូលរួមក្នុងសមាហរណកម្មសេដ្ឋកិច្ចតំបន់ សហគមន៍សេដ្ឋកិច្ចអាស៊ាន ២០១៥ ដែលជាគំនិតផ្តួចផ្តើមផ្នែកសេដ្ឋកិច្ចដែលនឹងអនុញ្ញាតឲ្យមានលំហូរដោយសេរីនៃទំនិញ សេវាកម្ម កម្លាំងពលកម្មជំនាញ និងដើមទុនពីប្រទេសមួយទៅប្រទេសមួយទៀតក្នុងតំបន់។ អ្នកជំនាញផ្នែកសេដ្ឋកិច្ចបានលើកឡើងថា យន្តការនេះនឹងមានឥទ្ធិពលខ្លាំងដល់ការអភិវឌ្ឍសហគ្រាសធុនតូច និងមធ្យម។
តាមទិន្នន័យរបស់វិទ្យាស្ថានជាតិស្ថិតិឆ្នាំ ២០១១ បង្ហាញថា កម្ពុជាមានសហគ្រាសធុនតូច និងមធ្យម និងសេវាកម្មកំពុងដំណើរការអាជីវកម្មនៅទូទាំងប្រទេសចំនួនជាង៥០ម៉ឺនមូលដ្ឋាន ក្នុងនោះសហគ្រាសជាប្រភេទ SME តំណាងដល់ ៩៩ ភាគរយនៃសហគ្រាសសរុប ហើយវាបង្កើតការងារជាង ១,៦៧ លានកន្លែងនៅក្នុងប្រទេស។
លោក លី វិសាល ប្រធានគ្រប់គ្រងការិយាល័យសម្ព័ន្ធសមាគមសហគ្រាសធុនតូច និងមធ្យមកម្ពុជា (FASMEC) បានឲ្យដឹងថា ក្នុងចំណោមសហគ្រាសធុនតូច និងមធ្យមនៅកម្ពុជាសរុប សហគ្រាសដែលបានចុះបញ្ជីត្រឹមត្រូវមានប្រមាណ ៥០ ភាគរយប៉ុណ្ណោះ។ កត្តានេះ បូករួមទាំងកង្វះការកត់ត្រាហិរញ្ញវត្ថុបានត្រឹមត្រូវបានក្លាយជាឧបសគ្គយ៉ាងចម្បងដល់ម្ចាស់សហគ្រាសក្នុងការទទួលកម្ចីជាលក្ខណៈពាណិជ្ជកម្មកន្លងមក។
លោកថ្លែងថា៖ «វានឹងក្លាយជាកត្តាជំរុញយ៉ាងល្អមួយប្រសិនបើមានយន្តការជំរុញឲ្យម្ចាស់ SME យល់ដឹងកាន់តែខ្លាំងទាក់ទងនឹងប្រព័ន្ធគណនេយ្យ»។
លោក អ៊ិន ចាន់នី ប្រធានអគ្គនាយកធនាគារអេស៊ីលីដា បានឲ្យដឹងថា ការបង្កើតទម្រង់ងាយស្រួលក្នុងការកត់ត្រាចំណូល ចំណាយក្នុងសហគ្រាសខ្នាតតូច និងមធ្យមនៅកម្ពុជាគឺជាការវិវឌ្ឍល្អមួយ។
លោកបន្ថែមថា ការបង្ខំឲ្យម្ចាស់ SME អនុវត្តប្រព័ន្ធហិរញ្ញវត្ថុស្តង់ដារភ្លាមៗជាការលំបាកខណៈពួកគាត់មិនមានការយល់ដឹងអ្វីសោះនោះ។
លោកថ្លែងថា៖ «ពេលដែលពួកគាត់មានរបាយការណ៍គណនេយ្យច្បាស់លាស់ វាគឺជាការងាយស្រួលដល់ពួកគាត់ក្នុងការស្វែងរកដៃគូសហការវិនិយោគ និងងាយស្រួលក្នុងវាយតម្លៃផ្តល់កម្ចីពីធនាគារផងដែរ»៕