សំណួរ និង ចំឡេីយ លេីការបង់ពន្ធអចលនទ្រព្យ

 ១. តើការស្នើសុំធ្វើប័ណ្ណសម្គាល់ការបង់ពន្ធអចលនទ្រព្យត្រូវភ្ជាប់ឯកសារអ្វីខ្លះ?

ការស្នើសុំធ្វើប័ណ្ណសម្គាល់ការបង់ពន្ធអចលនទ្រព្យត្រូវភ្ជាប់ឯកសារដូចខាងក្រោម៖
– បំពេញពាក្យស្នើសុំ ( PT 01)  (០១ ច្បាប់)
– ច្បាប់ថតចម្លងវិញ្ញាបនបត្រសម្គាល់សិទ្ធិកាន់កាប់អចលនទ្រព្យ ឬលិខិតផ្ទេរសិទ្ធិកាន់កាប់អចលនទ្រព្យ ឬកិច្ចសន្យា ទិញលក់
– ច្បាប់ថតចម្លងអត្តសញ្ញាណប័ណ្ណ ឬលិខិតឆ្លងដែនសម្រាប់ជនបរទេស ឬសៀវភៅគ្រួសារ ឬសៀវភៅស្នាក់នៅ ឬលិខិតបញ្ជាក់ទីលំនៅសម្រាប់ជនបរទេស
– រូបភាពអចលនទ្រព្យ (ទីតាំងដី និងសំណង់)
– ទីតាំងអចលនទ្រព្យ (និយាមការ៖ រយៈទទឹង និងរយៈបណ្តោយ)
– ច្បាប់ថតចម្លង បង្កាន់ដៃទឹក ភ្លើង (ប្រសិនបើមាន)
– លេខទូរស័ព្ទ និងអ៊ីម៉ែល (e-mail)
– ឯកសារពាក់ព័ន្ធផ្សេងៗទៀតដូចជា៖ លិខិតអនុញ្ញាតសាងសង់ លិខិតបើកការដ្ឋានសាងសង់ លិខិតបិទការដ្ឋាន សាងសង់ លិខិតបញ្ជាក់ពីអាជ្ញាធរមានសមត្ថកិច្ច (ក្នុងករណីសំណង់ទើបសាងសង់ ឬមានការប្រែប្រួល)…។ល។
– បង្កាន់ដៃបញ្ជាក់ការបង់ប្រាក់ពន្ធ Single Invoice។

ច្បាប់ និងបទប្បញ្ញត្តិពាក់ព័ន្ធ៖
យោងតាមប្រកាសលេខ ៤៩៣ សហវ.ប្រក ចុះថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០១០ ស្តីពីការប្រមូលពន្ធលើអចលនទ្រព្យ

 ២. តើការប្រកាសនិងបង់ពន្ធលើអចលនទ្រព្យចាប់ផ្តើមប្រមូលនៅពេលណា?

ការិយបរិច្ឆេទដាក់លិខិតប្រកាសនិងបង់ប្រាក់ពន្ធលើអចលនទ្រព្យ ចាប់ផ្ដើមពីថ្ងៃទី០១ ខែមករា រហូតដល់ ថ្ងៃទី៣០ ខែកញ្ញា នៃឆ្នាំជាប់ពន្ធនីមួយៗ។ 

ច្បាប់ និងបទប្បញ្ញត្តិពាក់ព័ន្ធ៖
យោងតាមប្រកាសលេខ ៤៩៣ សហវ.ប្រក ចុះថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០១០ ស្តីពីការប្រមូលពន្ធលើអចលនទ្រព្យ

 ៣. តើកម្មវត្ថុនៃពន្ធលើអចលនទ្រព្យត្រូវបានកំណត់ដូចម្តេច?

អចលនទ្រព្យ រួមមាន ដី ឬ/និង សំណង់ ដែលស្ថិតនៅក្នុងភូមិសាស្រ្តរាជធានី និងបណ្តាក្រុងនៃខេត្តទាំងអស់ ក្នុង ព្រះរាជាណាចក្រកម្ពុជាត្រូវជាប់ពន្ធលើអចលនទ្រព្យ។ ពន្ធនេះត្រូវប្រមូលចំពោះអចលនទ្រព្យដែលមានតម្លៃ លើសពី ១០០ ០០០ ០០០ រៀល (មួយរយលានរៀល)។

ច្បាប់ និងបទប្បញ្ញត្តិពាក់ព័ន្ធ៖
យោងតាមប្រកាសលេខ ៤៩៣ សហវ.ប្រក ចុះថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០១០ ស្តីពីការប្រមូលពន្ធលើអចលនទ្រព្យ

 ៤. តើអចលនទ្រព្យដែលស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស ត្រូវជាប់ពន្ធលើអចលនទ្រព្យដែរឬទេ?

អចលនទ្រព្យស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស ដែលបម្រើផ្ទាល់ដល់សកម្មភាពផលិតកម្ម ត្រូវបានលើកលែង ពន្ធលើអចលនទ្រព្យ។

ច្បាប់ និងបទប្បញ្ញត្តិពាក់ព័ន្ធ៖
យោងតាមប្រកាសលេខ ៤៩៣ សហវ.ប្រក ចុះថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០១០ ស្តីពីការប្រមូលពន្ធលើអចលនទ្រព្យ

 ៥. ចំពោះអចលនទ្រព្យដែលមិនទាន់បានចុះបញ្ជី  តើត្រូវទៅចុះបញ្ជីដើម្បីបំពេញកាតព្វកិច្ចពន្ធលើអចលនទ្រព្យ នៅកន្លែងណា?

សម្រាប់ពន្ធលើអចលនទ្រព្យ ត្រូវចុះបញ្ជីដំបូងនៅរដ្ឋបាលសារពើពន្ធ (សាខាពន្ធដារខេត្ត-ខណ្ឌ ឬនាយកដ្ឋាន ពន្ធចលនទ្រព្យនិងអចលនទ្រព្យ) ក្នុងភូមិសាស្ត្រដែលអចលនទ្រព្យនោះស្ថិតនៅ។

ច្បាប់ និងបទប្បញ្ញត្តិពាក់ព័ន្ធ៖
យោងតាមប្រកាសលេខ ៤៩៣ សហវ.ប្រក ចុះថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០១០ ស្តីពីការប្រមូលពន្ធលើអចលនទ្រព្យ

 ៦. ករណីបង់ពន្ធលើអចលនទ្រព្យយឺតពេល តើត្រូវរងពិន័យដូចម្តេច?

ពន្ធលើអចលនទ្រព្យផុតកំណត់នៅថ្ងៃទី៣០ ខែកញ្ញា នៃឆ្នាំជាប់ពន្ធនីមួយៗ។ ប្រសិនបើបង់ពន្ធយឺតយ៉ាវត្រូវរង ទោសទណ្ឌតាមបទប្បញ្ញត្តិស្តីពីសារពើពន្ធ។

ច្បាប់ និងបទប្បញ្ញត្តិពាក់ព័ន្ធ៖
យោងតាមប្រកាសលេខ ៤៩៣ សហវ.ប្រក ចុះថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០១០ ស្តីពីការប្រមូលពន្ធលើអចលនទ្រព្យ

 ៧. តើពន្ធលើអចលនទ្រព្យអាចបង់នៅទីកន្លែងណាខ្លះ?

ការបង់ពន្ធលើអចលនទ្រព្យ អាចធ្វើការប្រកាសនិងបង់នៅតាម៖
– នាយកដ្ឋានពន្ធចលនទ្រព្យនិងអចលនទ្រព្យ និងសាខាពន្ធដារខេត្ត-ខណ្ឌ ឬ
– នៅតាមបណ្តាធនាគារ និងតាមសាខាធនាគារ អេស៊ីលីដា ភីអិលស៊ី ឬសាខាធនាគារកាណាឌីយ៉ា ក.អ ឬសាខា ធនាគារវឌ្ឍនៈ ឬសាខាធនាគារកម្ពុជាសាធារណៈ ភីអិលស៊ី ឬសាខាធនាគារ ជេត្រាស រ៉ូយ៉ាល់ (អតីតសាខាធនាគារ អេ អិន ហ្សេត រ៉ូយ៉ាល់) ឬ ធនាគារស្ថាបនា ឬនៅតាមធនាគារដែលបានចុះអនុស្សរណៈនៃការយោគយល់គ្នាជាមួយ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ។

ច្បាប់ និងបទប្បញ្ញត្តិពាក់ព័ន្ធ៖
យោងតាមប្រកាសលេខ ៤៩៣ សហវ.ប្រក ចុះថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០១០ ស្តីពីការប្រមូលពន្ធលើអចលនទ្រព្យ

 ៨. តើដីកសិកម្មដែលស្ថិតនៅរាជធានីភ្នំពេញជាប់ពន្ធលើអចលនទ្រព្យដែរឬទេ?

ដីកសិកម្មដែលមានឯកសារបញ្ជាក់ពីមន្ទីរកសិកម្ម រដ្ឋបាលជលផល ឬអាជ្ញាធរមូលដ្ឋាន ត្រូវបានលើកលែងពន្ធ លើអចលនទ្រព្យ ទោះបីជាអចលនទ្រព្យនោះស្ថិតក្នុងភូមិសាស្រ្តជាប់ពន្ធលើអចលនទ្រព្យក៏ដោយ។

ច្បាប់ និងបទប្បញ្ញត្តិពាក់ព័ន្ធ៖
យោងតាមប្រកាសលេខ ៤៩៣ សហវ.ប្រក ចុះថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០១០ ស្តីពីការប្រមូលពន្ធលើអចលនទ្រព្យ

 ៩. តើពន្ធលើអចលនទ្រព្យមានអត្រាប៉ុន្មានភាគរយ និងមូលដ្ឋានគិតពន្ធត្រូវគិតដូចម្តេច?

អត្រាពន្ធ និងមូលដ្ឋានគិតពន្ធលើអចលនទ្រព្យ៖
– ពន្ធលើអចលនទ្រព្យ ត្រូវប្រមូលប្រចាំឆ្នាំតាមអត្រា ០,១ ភាគរយ នៃមូលដ្ឋានគិតពន្ធ។
– មូលដ្ឋានគិតពន្ធលើអចលនទ្រព្យ គឺ ៨០% (ប៉ែតសិប) ភាគរយ នៃតម្លៃអចលនទ្រព្យសរុប (ទាំងតម្លៃដី និង តម្លៃសំណង់) ចំពោះតម្លៃសំណង់ គឺអាស្រ័យលើអាយុកាលសំណង់ (ត្រឹម១០ឆ្នាំ ឬលើស១០ឆ្នាំ) ប្រភេទសំណង់ (ឥដ្ឋបេតុង ឬមិនមែនឥដ្ឋបេតុង ឬខុនដូ) និងតម្លៃគិតតាមជាន់នីមួយៗ  ដែលតម្លៃគិតពន្ធលើអចលនទ្រព្យ មាន ចែងក្នុងឧបសម្ព័ន្ធរាជធានី-ខេត្ត ភ្ជាប់មកជាមួយប្រកាសលេខ ៣៧១ សហវ.ប្រក ចុះថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០១១ របស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ដោយកាត់បន្ថយនូវទឹកប្រាក់ចំនួន ១០០ ០០០ ០០០រៀល សម្រាប់អចលនទ្រព្យមួយ។

ច្បាប់ និងបទប្បញ្ញត្តិពាក់ព័ន្ធ៖
យោងតាមប្រកាសលេខ ៤៩៣ សហវ.ប្រក ចុះថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០១០ ស្តីពីការប្រមូលពន្ធលើអចលនទ្រព្យ

 ១0. តើម្ចាស់អចលនទ្រព្យដែលមិនទាន់មានប័ណ្ណសម្គាល់ការបង់ពន្ធអចលនទ្រព្យ (កាតអចលនទ្រព្យ) អាចស្នើ សុំប័ណ្ណសម្គាល់ការបង់ពន្ធអចលនទ្រព្យបានដែរឬទេ?

ម្ចាស់អចលនទ្រព្យដែលមិនទាន់មានប័ណ្ណសម្គាល់ការបង់ពន្ធអចលនទ្រព្យ (កាតអចលនទ្រព្យ ) អាចស្នើសុំបោះ ពុម្ពប័ណ្ណសម្គាល់ការបង់ពន្ធអចលនទ្រព្យបាន ដោយស្នើសុំចុះបញ្ជីនិងធ្វើបច្ចុប្បន្នភាពព័ត៌មានអចលនទ្រព្យ និង បង់ប្រាក់កម្រៃសេវា ៥ ០០០ រៀល ក្នុងការស្នើសុំធ្វើប័ណ្ណសម្គាល់ការបង់ពន្ធអចលនទ្រព្យនេះ នៅនាយកដ្ឋានពន្ធ ចលនទ្រព្យនិងអចលនទ្រព្យ នៃអគ្គនាយកដ្ឋានពន្ធដារ ឬសាខាពន្ធដារខេត្ត-ខណ្ឌដែលអចលនទ្រព្យនោះស្ថិតនៅ ដើម្បីទទួលបានប័ណ្ណសម្គាល់ការបង់ពន្ធអចលនទ្រព្យភ្លាមៗ ឬនៅតាមបណ្តាធនាគារដែលជាដៃគូ របស់អគ្គនាយក ដ្ឋានពន្ធដារ។

ច្បាប់ និងបទប្បញ្ញត្តិពាក់ព័ន្ធ៖
យោងតាមប្រកាសលេខ ៤៩៣ សហវ.ប្រក ចុះថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០១០ ស្តីពីការប្រមូលពន្ធលើអចលនទ្រព្យ

ប្រភព៖ https://www.tax.gov.kh/km/faq#

Comments are closed.