សំណួរ និង ចំឡេីយ លេីពន្ធតម្លៃបន្ថែម ឬ Vat or GST
១. តើអាករលើតម្លៃបន្ថែមមានអត្រាប៉ុន្មានភាគរយ?
អាករលើតម្លៃបន្ថែម មានអត្រាដូចខាងក្រោម៖
– ១០% លើតម្លៃជាប់អាករនៃការផ្គត់ផ្គង់ជាប់អាករនីមួយៗនៅក្នុងព្រះរាជាណាចក្រកម្ពុជា
– ០% លើតម្លៃជាប់អាករនៃការផ្គត់ផ្គង់ជាប់អាករនីមួយៗ ចំពោះទំនិញនាំចេញពីព្រះរាជាណាចក្រកម្ពុជាហើយ និងការផ្គត់ផ្គង់សេវាជាប់អាករ ដែលបានបំពេញនៅក្រៅព្រះរាជាណាចក្រកម្ពុជា។
ច្បាប់ និងបទប្បញ្ញត្តិពាក់ព័ន្ធ៖
យោងតាមមាត្រា ៦៤ នៃច្បាប់ស្តីពីសារពើពន្ធ
២. តើវិក្កយបត្រអាករឆ្លងខែអាចស្នើសុំជាឥណទានអាករលើធាតុចូលក្នុងខែបានដែរឬទេ?
វិក្កយបត្រអាករឆ្លងខែមិនអាចស្នើសុំជាឥណទានអាករលើធាតុចូលក្នុងខែនោះបានទេ។ ក្នុងករណីមិនបានប្រកាស វិក្កយបត្រណាមួយ សហគ្រាសត្រូវធ្វើការស្នើសុំកែតម្រូវលិខិតប្រកាសសារពើពន្ធ ក្នុងខែនោះ។
ច្បាប់ និងបទប្បញ្ញត្តិពាក់ព័ន្ធ៖
យោងតាមាត្រា ២៩ នៃអនុក្រឹត្យលេខ ១១៤ អនក្រ.បក ចុះថ្ងៃទី២៤ ខែធ្នូ ឆ្នាំ១៩៩៩ ស្តីពី អាករលើតម្លៃបន្ថែម
៣. តើការផ្គត់ផ្គង់ទំនិញ ឬសេវាដែលមិនជាប់អាករមានអ្វីខ្លះ?
ការផ្គត់ផ្គង់ទំនិញឬសេវាដែលមិនជាប់អាកររួមមាន៖
– សេវាប្រៃសណីយ៍សាធារណៈ
– សេវារបស់មន្ទីរពេទ្យនិងគ្លីនិក សេវាខាងវេជ្ជសាស្រ្តនិងទន្តសាស្រ្ត និងការលក់ទំនិញបន្ទាប់បន្សំខាងវេជ្ជសាស្រ្ត និងទន្តសាស្រ្តដែលទាក់ទិននឹងការបំពេញសេវាទាំងនេះ
– សេវាដឹកជញ្ជូនអ្នកដំណើរដោយប្រព័ន្ធដឹកជញ្ជូនសាធារណៈ ដែលជាកម្មសិទ្ធិទាំងស្រុងរបស់រដ្ឋ
– សេវាធានារ៉ាប់រង
– សេវាជាមូលដ្ឋានខាងហិរញ្ញវត្ថុ
– ការនាំចូលសម្ភារប្រើប្រាស់ផ្ទាល់ខ្លួនដែលរួចពន្ធគយស្របតាមបទប្បញ្ញត្តិស្តីពីគយ
– សកម្មភាពមិនស្វែងរកចំណេញដើម្បីបម្រើផលប្រយោជន៍សាធារណៈ
– សេវាសិក្សាអប់រំ
– ថាមពលអគ្គីសនី និងទឹកស្អាត
– ផលិតផលកសិកម្មមិនទាន់កែច្នៃ
– សេវាប្រមូល ឬសម្អាតកាកសំណល់រឹង-រាវ។
ច្បាប់ និងបទប្បញ្ញត្តិពាក់ព័ន្ធ៖
យោងតាមប្រកាសលេខ ៥៥៩ សហវ.ប្រក ចុះថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០១៧ ស្តីពីការណែនាំអនុវត្តអាករលើ តម្លៃបន្ថែមចំពោះការផ្គត់ផ្គង់មិនជាប់អាករ
៤. តើអាករលើធាតុចូលប្រភេទណាខ្លះ ដែលមិនអនុញ្ញាតជាឥណទានអាករ?
មិនត្រូវបានអនុញ្ញាតជាឥណទានអាករលើធាតុចូលទេ ចំពោះប្រាក់អាករដែលបានបង់លើ៖
-ចំណាយទទួលភ្ញៀវ ការកម្សាន្ត ឬការសម្រាកលំហែ លើកលែងតែបុគ្គលជាប់អាករប្រកបអាជីវកម្មផ្គត់ផ្គង់ការ ទទួលភ្ញៀវ ការកម្សាន្ត ឬការសម្រាកលំហែ
-ការទិញ ឬការនាំចូលរថយន្ត លើកលែងតែបុគ្គលជាប់អាករប្រកបអាជីវកម្មជាអ្នកលក់ ឬជួលរថយន្ត
-ការទិញ ឬការនាំចូលផលិតផលតេលសិលាមួយចំនួន លើកលែងតែបុគ្គលជាប់អតបប្រកបអាជីវកម្មផ្គត់ផ្គង់ ផលិតផលតេលសិលាទាំងនោះ
-ការប្រើប្រាស់សេវាទូរស័ព្ទចល័ត។
ច្បាប់ និងបទប្បញ្ញត្តិពាក់ព័ន្ធ៖
យោងតាមាត្រា ៣១ នៃអនុក្រឹត្យលេខ ១១៤ អនក្រ.បក ចុះថ្ងៃទី២៤ ខែធ្នូ ឆ្នាំ១៩៩៩ ស្តីពីអាករលើតម្លៃបន្ថែម
៥. តើការទិញពីអ្នកជាប់ពន្ធតូចអាចស្នើសុំជាឥណទានអាករលើធាតុចូលបានដែរឬទេ?
ការទិញពីអ្នកជាប់ពន្ធតូចមិនអាចស្នើសុំជាឥណទានអាករលើធាតុចូលបានទេ ប៉ុន្តែអាចកាត់កងជាចំណាយបាន។
ច្បាប់ និងបទប្បញ្ញត្តិពាក់ព័ន្ធ៖
យោងតាមសេចក្តីជូនដំណឹងលេខ ៣២១៨ អពដ ចុះថ្ងៃទី ០៦ ខែកុម្ភៈ ឆ្នាំ២០២០ ស្តីពីការអនុវត្តប្រកាសលេខ ៧២៣ ចុះថ្ងៃទី ១៤ ខែសីហា ឆ្នាំ២០១៩ ស្តីពីវិធាននៃការប្រើប្រាស់វិក្កយបត្រ
៦. តើថ្នាំដែលផ្តល់ឱ្យអ្នកជំងឺដែលមកពិគ្រោះជំងឺ(មន្ទីរពេទ្យឯកជន) ត្រូវជាប់អាករលើតម្លៃបន្ថែមដែរឬទេ?
ការទិញពីអ្នកជាប់ពន្ធតូចមិនអាចស្នើសុំជាឥណទានអាករលើធាតុចូលបានទេ ប៉ុន្តែអាចកាត់កងជាចំណាយបាន។
ច្បាប់ និងបទប្បញ្ញត្តិពាក់ព័ន្ធ៖
យោងតាមសេចក្តីជូនដំណឹងលេខ ៣២១៨ អពដ ចុះថ្ងៃទី ០៦ ខែកុម្ភៈ ឆ្នាំ២០២០ ស្តីពីការអនុវត្តប្រកាសលេខ ៧២៣ ចុះថ្ងៃទី ១៤ ខែសីហា ឆ្នាំ២០១៩ ស្តីពីវិធាននៃការប្រើប្រាស់វិក្កយបត្រ
៧. តើរថយន្តដឹកទំនិញដែលបានទិញពីបុគ្គលជាប់អាករ មានវិក្កយបត្រត្រឹមត្រូវតាមនិទ្ទេសរបស់អគ្គនាយកដ្ឋាន ពន្ធដារ ដើម្បីប្រើប្រាស់ក្នុងសហគ្រាស (មន្ទីរពេទ្យឯកជន) អាចស្នើសុំជាឥណទានអាករបានដែរឬទេ?
សម្រាប់មន្ទីរពិគ្រោះនិងព្យាបាលជំងឺ ជាការផ្គត់ផ្គង់មិនជាប់អាករ ដូច្នេះការទិញរថយន្តនេះ មិនអាចស្នើសុំជា ឥណទានអាករបានទេ ទោះជាការទិញពីបុគ្គលជាប់អាករហើយមានវិក្កយបត្រអាករត្រឹមត្រូវក៏ដោយ។
ច្បាប់ និងបទប្បញ្ញត្តិពាក់ព័ន្ធ៖
យោងតាមប្រកាស ៥៥៩ សហវ.ប្រក ចុះថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០១៧ ស្តីពីការណែនាំអនុវត្តអាករលើតម្លៃបន្ថែម ចំពោះការផ្គត់ផ្គង់មិនជាប់អាករ
៨. តើការលក់រថយន្ត (ទ្រព្យចលនកម្ម) របស់សហគ្រាស (មន្ទីរពេទ្យ) ត្រូវជាប់អាករលើតម្លៃបន្ថែមដែរឬទេ?
ការលក់រថយន្តរបស់សហគ្រាស ទោះបីជាបានស្នើសុំជាឥណទានអាករ ឬមិនបានស្នើសុំជាឥណទានអាករក៏ដោយ នៅពេលលក់ត្រូវជាប់អាករលើតម្លៃបន្ថែមតាមច្បាប់និងបទប្បញ្ញត្តិស្តីពីពន្ធដារជាធរមាន។
ច្បាប់ និងបទប្បញ្ញត្តិពាក់ព័ន្ធ៖
យោងតាមសេចក្ដីណែនាំលេខ ១៥៣០១ អពដ ចុះថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២០ ស្ដីពីការអនុវត្តអាករលើតម្លៃបន្ថែម ចំពោះការលក់ទ្រព្យសកម្មរូបីរយៈពេលវែង
៩. តើការលក់ដីឡូតិ៍របស់ក្រុមហ៊ុនអចលទ្រព្យ ត្រូវជាប់អាករលើតម្លៃបន្ថែមដែរឬទេ?
ដីមិនត្រូវបានចាត់ទុកជាទំនិញនោះទេ ដូច្នេះការលក់ដីឡូតិ៍ មិនត្រូវជាប់អាករលើតម្លៃបន្ថែមនោះទេ។
ច្បាប់ និងបទប្បញ្ញត្តិពាក់ព័ន្ធ៖
យោងតាមមាត្រា ៥៦ នៃច្បាប់ស្តីពីសារពើពន្ធ
១0. តើអ្នកជាប់ពន្ធតូចគណនា អាករលើតម្លៃបន្ថែមដែលត្រូវបង់ប្រចាំខែបែបណា?
ការគណនាអាករលើតម្លៃបន្ថែមដែលត្រូវបង់ប្រចាំខែសម្រាប់អ្នកជាប់ពន្ធតូច គឺត្រូវយកផលរបរដែលទទួលបាន ក្នុងខែដែលគ្មានអាករលើតម្លៃបន្ថែម (ផលរបរប្រចាំខែ ចែកនឹង ១,១) គុណនឹង ២០% រួចយកលទ្ធផលនោះមក គុណនឹង ១០% លទ្ធផលដែលទទួលបាននោះ ជាចំនួនអាករលើតម្លៃបន្ថែមដែលត្រូវបង់ប្រចាំខែ។
ច្បាប់ និងបទប្បញ្ញត្តិពាក់ព័ន្ធ៖
យោងតាមប្រកាសលេខ ១៨២០ សហវ.ប្រក ចុះថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០១៥ ស្តីពីការកំណត់វិធាននិងនីតិវិធីនៃការ អនុវត្តបញ្ជីគណនេយ្យសាមញ្ញសម្រាប់អ្នកជាប់ពន្ធតូច
Source: https://www.tax.gov.kh/km/faq#