គន្លឹះ​ក្នុង​ការជ្រើសរើស​ភាគហ៊ុន​ដើម្បី​វិនិយោគ

Content image - Phnom Penh Post

ឯកឧត្តម ហ៊ាន សាហ៊ីប រដ្ឋលេខាធិការ​ក្រសួង​សេដ្ឋកិច្ច អញ្ជើញ​ទស្សនា​បញ្ជរ​ក្នុង​កម្មវិធី My First Stock ២០១៩​។

07 December 2020 | 11:09 ICT Op-Ed Khmer Post

ការជ្រើសរើស​ភាគហ៊ុន​ឱ្យ​បាន​ល្អ​សម្រាប់​វិនិយោគ​មិន​ពិបាក​នោះទេ ប្រសិន​បើ​វិនិយោគិន​ដឹង​អំពី​របៀប​ជ្រើសរើស​ដែល​ត្រឹមត្រូវ​។ មាន​កត្តា​ជាច្រើន​ដែល​វិនិយោគិន​គួរ​ពិចារណា​ក្នុង​នោះ​រួមមាន​ ៤ ​ចំណុច​សំខាន់ៗ​៖ (១) ​សក្តានុពល​រីកចម្រើន​របស់​ក្រុមហ៊ុន (២) ​គុណភាព​នៃ​អាជីវកម្ម (៣) ​ថ្លៃ​ទីផ្សារ​របស់​ភាគហ៊ុន និង (៤) ​សន្ទនីយភាព​របស់​ភាគហ៊ុន​។

១. សក្តានុពល​រីកចម្រើន​របស់​ក្រុមហ៊ុន

ក្រុមហ៊ុន​ដែល​ប្រកប​ដោយ​សក្តានុពល​គឺជា​ក្រុមហ៊ុន​ដែល​មាន​ឱកាស​ខ្ពស់​ក្នុង​ការរីកចម្រើន​ទៅមុខ​។ ភាពរីកចម្រើន​ក្នុង​ន័យ​នេះ​សំដៅលើ​ចីរភាព​របស់​ក្រុមហ៊ុន​ក្នុង​រយៈពេល​វែង ភាព​ប្រកួតប្រជែង​ខ្ពស់ និង​លទ្ធភាព​រកប្រាក់​ចំណេញ​បាន​ច្រើន​របស់​ក្រុមហ៊ុន​។

ដើម្បី​ដឹងថា​ក្រុមហ៊ុន​ណា​មាន​សក្តានុពល​រីកចម្រើន​ខ្ពស់ គេ​មើល​ទៅលើ​ប្រភេទ​អាជីវកម្ម​ក៏ដូចជា​របៀប​នៃ​ការធ្វើ​អាជីវកម្ម​នោះ ដែល​វា​ជា​កញ្ចក់​ឆ្លុះបញ្ចាំង​នូវ​ភាពយូរអង្វែង ដែល​ក្រុមហ៊ុន​អាច​ដំណើរការ​ទៅបាន​។ ឧទាហរណ៍ ការនាំចេញ-នាំចូល​គឺជា​វិស័យ​ដែលមាន​តម្រូវការ​ខ្ពស់ និង​ជាប្រចាំ ព្រោះ​ប្រទេស​នីមួយៗ​មាន​តម្រូវការ​ផ្លាស់ប្តូរ​ទំនិញ​ និង​ផលិតផល ដូចនេះ​អាជីវកម្ម​កំពង់ផែ​ប្រាកដ​ជា​ស្ថិតនៅក្នុង​ប្រភេទ​វិស័យ​ដែលមាន​សក្តានុពល​មួយ​។

ឧទាហរណ៍​ផ្សេង​មួយទៀត ក្រុមហ៊ុន​ណា​ដែល​អាច​បត់បែន និង​សម្រប​ខ្លួន​បាន​លឿន​ទៅ​នឹង​ទំនោរ​ឧស្សាហកម្មនា​ពេលបច្ចុប្បន្ន​ដែល​មាន​និន្នាការ​ប្រែប្រួល​ឆាប់រហ័ស ដូចជា​ក្រុមហ៊ុន​ដែល​ប្រើប្រាស់​បច្ចេកវិទ្យា គឺជា​ក្រុមហ៊ុន​ដែល​មាន​ភាពប្រកួតប្រជែង​ខ្ពស់ និង​លទ្ធភាព​ទទួល​បាន​ជោគជ័យ​ខ្ពស់​នៅលើ​ទីផ្សារ ដោយសារ​មាន​ថ្លៃដើម​ទាប តែ​មាន​ផលិតភាព និង​ប្រសិទ្ធភាព​ខ្ពស់​ក៏​ដូចជា​ទីផ្សារ​ធំ ធៀប​នឹង​ស្ថាប័ន​ផ្សេង​ក្នុង​វិស័យ​ដូចគ្នា​។

របៀប​មើល​សាមញ្ញ​មួយ​ទៀត​គឺ​មើល​ទៅ​លើ​ចំណុច​មួយចំនួន អាច​ជា​ចំនួន​អតិថិជន ប្រាក់ចំណូល និង​/​ឬ​ប្រាក់ចំណេញ​របស់​ក្រុមហ៊ុន​នេះ ថា​តើ​កំពុងស្ថិត​ក្នុង​កំណើន​ជាប្រចាំ​ដែរ ឬទេ ឬ​លឿន​កម្រិតណា​ក្នុង​រយៈពេល​ប៉ុន្មាន​ខែ​/​ឆ្នាំ​ចុងក្រោយ​ក៏​ជា​ផ្នែក​មួយ​ដែល​បង្ហាញ​ឱ្យ​ឃើញ​នូវ​សក្តានុពល​របស់​ក្រុមហ៊ុន​ក៏ដូចជា​រង្វាស់​ប៉ាន់ស្មាន ថា​ក្រុមហ៊ុន​នោះ​អាច​ដំណើរការ​ទៅបាន​យូរអង្វែង​ផងដែរ​។

Content image - Phnom Penh Post

ការសាកសួរ​ព័ត៌មាន​របស់​សាធារណជន​មកកាន់​បុគ្គលិក​ក្រុមហ៊ុន​ផ្សារមូលបត្រ​កម្ពុជា​។

២. គុណភាព​នៃ​អាជីវកម្ម

ការវិនិយោគ​ភាគហ៊ុន​គឺ​មិន​ខុសពី​ការបណ្តាក់ទុន​រកស៊ី​នោះ​ទេ ពោល​គឺ​វិនិយោគិន​ត្រូវ​ពិនិត្យ​លើ​ចំណុច​សំខាន់ៗ​ដែល​ឆ្លុះបញ្ចាំង​ពី​គុណភាព​របស់​ក្រុមហ៊ុន ដូចជា សមាសភាព​គណៈ​គ្រប់គ្រង​ក្រុមហ៊ុន អភិបាលកិច្ច​សាជីវកម្ម លទ្ធផល​របាយការណ៍​ហិរញ្ញវុត្ថុ និង​អនុបាត​នានា​។

ក្រុមហ៊ុន​ដែលមាន​គណៈ​គ្រប់គ្រង​រឹងមាំ និង​មាន​កេរ្តិ៍ឈ្មោះ​ល្អ នឹង​ដឹកនាំ​ក្រុមហ៊ុន​ប្រកប​ដោយ​ប្រសិទ្ធភាព​ការងារ​ខ្ពស់​ដើម្បី​សម្រេច​គោលដៅ​រួម​ដោយ​រលូន​។ អភិបាលកិច្ច​សាជីវកម្ម​ល្អ​ក៏​ជា​ផ្អែក​មួយ​ដ៏សំខាន់​ដែល​អាចជួយ​ក្រុមហ៊ុន​កាត់បន្ថយ​ហានិភ័យ​នៃ​អំពើពុករលួយ ការកេងបន្លំ បក្សពួក​និយម ទំនាស់​ផលប្រយោជន៍​ក្នុង​ក្រុមហ៊ុន និង​ការពឹងផ្អែក​តែ​ទៅលើ​បុគ្គល​ណា​ម្នាក់​ជាដើម​។

ក្រុមហ៊ុន​ដែល​មាន​អភិបាលកិច្ច​សាជីវកម្ម​ល្អ​គឺជា​ក្រុមហ៊ុន​ដែលមាន​រចនាសម្ព័ន្ធ​ និង​កំណត់​សិទ្ធិ​ និង​កាតព្វកិច្ច​ច្បាស់លាល់​រវាង ភាគហ៊ុនិក ក្រុមប្រឹក្សាភិបាល គណៈកម្មាធិការ​នានា​ក្នុង​ក្រុមហ៊ុន គណៈ​គ្រប់គ្រង​ជាន់ខ្ពស់ និង​បុគ្គល​ផ្សេងៗ​ទៀត​។

ជា​ចុងក្រោយ​គឺ​របាយការណ៍​ហរិញ្ញវត្ថុ​របស់​ក្រុមហ៊ុន​ដែល​ជា​ធាតុ​ចូល​យ៉ាងសំខាន់​ក្នុង​ការគាំទ្រ​នូវ​ការសម្រេចចិត្ត​របស់​វិនិយោគិន​។ របាយការណ៍​នេះ​អាច​ឲ្យ​វិនិយោគិន​ដឹង​ពី​ប្រសិទ្ធភាព​ក្នុង​ការគ្រប់គ្រង​អាជីវកម្ម និង​ការចាត់ចែង​ទ្រព្យសកម្ម ដើម្បី​រកប្រាក់​ចំណេញ​បានល្អ​កម្រិតណា​ក៏​ដូចជា​លទ្ធភាព​ក្នុង​ការគ្រប់គ្រង​បំណុល​របស់​ក្រុមហ៊ុន​ផងដែរ​។

ដើម្បី​ងាយស្រួល​ប្រៀបធៀប​គ្នា​រវាង​ក្រុមហ៊ុន​ដែល​ត្រូវ​ជ្រើសរើស វិនិយោគិន​អាច​មើល​ទៅលើ​អនុបាត​នានា​ដូចជា អត្រា​ប្រាក់ចំណេញ​ធៀប​នឹង​ចំណូល​ដែល​រកបាន (Profit Margin) អត្រា​ប្រាក់ចំណេញ​ធៀប​នឹង​មូលធន (Return on Equity-ROE) ចំណេញ​ធៀប​នឹង​ទ្រព្យសកម្ម​ (Return on Assets – ROA) ថា​តើ​មួយណា​ខ្ពស់ជាង​។ ជាងនេះ​ទៅ​ទៀត វិនិយោគិន​ក៏​គួរ​គប្បី​មើល​ផងដែរ​លើ​កម្រិត​នៃ​បំណុល​របស់​ក្រុមហ៊ុន និង​លទ្ធភាព​សងបំណុល​របស់​ក្រុមហ៊ុន​ដែល​ត្រូវ​ជ្រើសរើស​ផង​ដែរ ដោយ​អាច​ពិនិត្យ​លើ​អនុបាត​ដូចជា កម្រិត​បំណុល​ធៀប​នឹង​ទ្រព្យសកម្ម​ដែលមាន (Debt to Assets – D/A) បំណុល​ធៀប​នឹង​ទ្រព្យ​របស់​ម្ចាស់ (Debt to Equity – D/E) ទ្រព្យ​រយៈពេល​ខ្លី​ធៀប​នឹង​បំណុល​រយៈពេល​ខ្លី (Current Ratio) ​ជាដើម​។

៣. ថ្លៃ​ទីផ្សារ​របស់​ភាគហ៊ុន

វិនិយោគិន​ត្រូវ​ជ្រើសរើស​ភាគហ៊ុន​ណា​ដែលមាន​ថ្លៃ​ទាប​ជាង​ទីផ្សារ មិនមែន​ភាគហ៊ុន​ដែល​មាន​តម្លៃថោក​នោះទេ​។ ដើម្បី​អាច​វាស់​បាន​ថា​ក្រុមហ៊ុន​នោះ​មាន​ថ្លៃ​ទាប​ជាង​ទីផ្សារ គេ​ច្រើន​មើល​ទៅ​លើ​អនុបាត​ថ្លៃ​ធៀប​នឹង​ចំណេញ (Price to Earning- P/E) និង អនុបាត​ថ្លៃធៀប​នឹង​ទ្រព្យ​សុទ្ធ (Price to Book Value – P/B)​។ អនុបាត​ទាំង​ ២ ​នេះ​កាន់តែ​តូច​កាន់តែ​ល្អ ជាក់ស្តែង បើ​ភាគហ៊ុន​ណា​មាន​អនុបាត​ទាំង​ ២ ​នេះ​ទាប​ជាង អនុបាត​ជា​មធ្យម​របស់​ក្រុមហ៊ុន​ជាទូទៅ​នៅក្នុង​វិស័យ​ជាមួយ​គ្នា​មាន​ន័យថា ភាគហ៊ុន​នោះ​កំពុង​មាន​ថ្លៃ​ទីផ្សារ​ទាប​។

បន្ថែម​ពីនេះ ទិន្នផល​ភាគលាភ (Dividend Yield) ក៏​ត្រូវបាន​ប្រើប្រាស់​ដើម្បី​វាស់​អំពី​អត្រា​ចំណេញ​លើ​ការវិនិយោគ​របស់​វិនិយោគិន​ដោយ​ប្រើ​ផលធៀប​ចំនួន​ភាគលាភ​ក្នុង​ ១ ​ហ៊ុន​​ និង​ថ្លៃ​ភាគហ៊ុន​បច្ចុប្បន្ន​នៅលើ​ទីផ្សារ​។ វិនិយោគិន​គួរ​ជ្រើសរើស​ភាគហ៊ុន​ណា​ដែល​មាន​អត្រា​ទិន្នផល​ភាគលាភ​ខ្ពស់ជាង​។

៤. សន្ទនីយភាព​របស់​ភាគហ៊ុន

ភាគហ៊ុន​ដែលមាន​សន្ទនីយភាព​ខ្ពស់​មានន័យថា​ជា​ភាគហ៊ុន​ដែល​អាច​លក់​ចេញ​បាន​ឆាប់រហ័ស​នៅលើ​ទីផ្សារ​។ ទំហំ​ជួញដូរ​គឺជា​សូចនាករ​មួយ​ដ៏សំខាន់ ដើម្បី​អាច​ដឹងបាន​ថា​ភាគហ៊ុន​នោះ​មាន​សន្ទនីយភាព​កម្រិតណា​។ ទំហំ​ជួញដូរ​កាន់តែ​ខ្ពស់ បង្ហាញ​ថា​ភាគហ៊ុន​នោះ​មាន​សន្ទនីយភាព​កាន់តែ​ខ្ពស់​។

ការវិនិយោគ​លើ​ភាគហ៊ុន​មាន​សន្ទនីយភាព​ខ្ពស់​មាន​ភាពងាយស្រួល​នៅពេល​អនាគត ប្រសិន​បើ​វិនិយោគិន​ត្រូវការ​សាច់ប្រាក់​វិញ ដើម្បី​គោលដៅ​ណាមួយ​សម្រាប់​វិនិយោគិន​ដែល​ស្វែងរក​ប្រាក់​ចំណេញ​ឆាប់ៗ ដូចជា​វិនិយោគិន​រយៈពេល​ខ្លី និង​វិនិយោគិន​ជួញដូរ​ប្រចាំថ្ងៃ ភាគច្រើន​វិនិយោគ​លើ​ភាគហ៊ុន​ប្រភេទ​នេះ ដោយសារ​វា​មាន​លទ្ធភាព​កេង​រក​ចំណេញ​មូលធន​បាន​ច្រើន តាមរយៈ​ការជួញដូរ​ក្នុង​ថ្ងៃ​តែ​មួយ​៕

Comments are closed.