តម្លៃដី​នៅ​រាជធានី​ភ្នំពេញ​កើន​​ឡើង​ទ្វេ​ដង​

ទិដ្ឋភាព​សំណង់​ធំ និង​ខ្ពស់​ៗ​ជា​ច្រើន​ដែល​កំពុង​លេច​ឡើង​ជា​បន្ត​បន្ទាប់​នៅ​ក្នុង​រាជធានី​ភ្នំពេញ នា​ពេល​បច្ចុប្បន្ន​នេះ ​។ រូបថត ហុង មិនា

ទិដ្ឋភាព​សំណង់​ធំ និង​ខ្ពស់​ៗ​ជា​ច្រើន​ដែល​កំពុង​លេច​ឡើង​ជា​បន្ត​បន្ទាប់​នៅ​ក្នុង​រាជធានី​ភ្នំពេញ នា​ពេល​បច្ចុប្បន្ន​នេះ ​។ ហុង មិនា

តម្លៃដី​នៅ​រាជធានី​ភ្នំពេញ​កើន​​ឡើង​ទ្វេ​ដង​

Sat, 3 January 2015 

​​​​​ស្ថិរភាព​នយោបាយ​ កំណើន​សេដ្ឋកិច្ច​ និង​លំហូរ​ចូល​នៃ​អ្នក​​វិនិ​យោគ​មក​ពី​ក្រៅ​ប្រទេស​ បាន​ធ្វើ​ឲ្យ​តម្លៃ​ដី​​នៅ​ក្នុង​ខណ្ឌ​មួយ​ចំនួន​របស់​​រាជធានី​ភ្នំពេញ​ហក់​ឡើង​ជិត​ទ្វេ​ដង​ បើ​ប្រៀប​ធៀប​​មុន​ពេល​ពិភព​លោក​ជួប​នូវ​មហា​វិបត្តិ​សេដ្ឋកិច្ច ​និង​ហិរញ្ញវត្ថុ​សកល​​ កាល​ពី​ឆ្នាំ​ ២០០៨​។

យោង​តាម​ការ​សិក្សា​របស់​ក្រុមហ៊ុន​ ប៊ុណ្ណា​ រៀលធី គ្រុប ​ដែល​ទើប​បាន​បញ្ចប់​កាល​ពី​ពេល​ថ្មីៗ​នេះ​បាន​ឲ្យ​ដឹង​ថា ​គិត​ត្រឹម​ត្រីមាស​ទី ៣​ ឆ្នាំ​២០១៤​ នេះ ​តម្លៃ​ដី​នៅ​ក្នុង​​​រាជធានី​ភ្នំពេញ ​មាន​កំណើន​ក្នុង​រង្វង់​ ២០ ​ភាគ​រយ ​សម្រាប់​ដី​នៅ​តំបន់​ពាណិជ្ជ​កម្ម និង​ដី​លំនៅឋាន​កើន​ឡើង​ក្នុង​រង្វង់​ ៣០ ​ភាគ​រយ បើប្រៀប​​ធៀប​នឹង​រយៈ​ពេល​ដូច​គ្នា​ កាល​ពី​ឆ្នាំ ​២០១៣។​ ខណ្ឌ​នៅ​កណ្តាល​ក្រុង​ចំនួន​ ៤ គឺ​ ខណ្ឌ​ចំការមន ខណ្ឌ​ដូនពេញ​ ខណ្ឌ​៧មករា និង​ខណ្ឌ​ទួលគោក តម្លៃ​ដី​បាន​ហក់​ឡើង​ខ្ពស់​ជាង​គេ។

ការ​សិក្សា​ខាង​លើ​បាន​រក​ឃើញ​ថា ខណ្ឌ​ចំការមន ​ជា​ខណ្ឌ​ដែល​នៅ​តែ​លេច​ធ្លោ​ជាង​គេ ​ដោយ​សារ​សង្កាត់​មួយ​ក្នុង​ខណ្ឌ​នេះ គឺ​សង្កាត់​ ទន្លេ​បាសាក់ ​មាន​គម្រោង​សាង​សង់​ធំៗ​ ជា​ច្រើន​កំពុង​​ដំណើរ​ការ​ដូច​ជា The Bridge, Casa Meridian,​ Diamond​ One, និង ​Riviera​ ជាដើម ដោយ​ដី​នៅ​ទីនោះ​មាន​តម្លៃ​ជា​មធ្យម​ចាប់​ពី​ ៤០០០​-៦០០០ ​ដុល្លារ​ក្នុង​ ១​​ ម៉ែត្រ​ការ៉េ​ សម្រាប់​ដី​ពាណិជ្ជ​កម្ម ​និង​ដី​លំនៅឋាន​មាន​តម្លៃ​ចាប់​ពី ​២០០០​-២៥០០ ​ដុល្លារ​ក្នុង​មួយ​ម៉ែត្រ​ការ៉េ​។

Land price chart

ចំណែក​តម្លៃ​ដី​នៅ​តាម​បណ្តោយ​មហា​វិថី​ព្រះសីហនុ ​ម្តុំ​អគារ Gold Tower​ 42 រហូត​ដល់​វិមាន​ឯករាជ្យ បាន​កើន​រហូត​ដល់​ ៨០០០ ​ទៅ​ ៩០០០​ ដុល្លារ​ក្នុង​មួយ​ម៉ែត្រ​ការ៉េ​ និង​ដី​សម្រាប់​ពាណិជ្ជ​កម្ម​ មាន​កំណើន​ក្នុង​រង្វង់​ពី​ ១០​-១៥​ ភាគរយ​ក្នុង​ត្រីមាស​ទី ៣ បើ​ប្រៀប​ធៀប​នឹង​ត្រីមាស​ទី ២ ​ឆ្នាំ​ដដែល​នេះ។

របាយការណ៍​នោះ​បាន​ឲ្យ​ដឹង​ទៀត​ថា​ ដោយ​សារ​មាន​តម្រូវ​ការ​ដី​នៅ​ក្នុង​ខណ្ឌ​ ចំការមន​​ ច្រើន​ទើប ​បច្ចុប្បន្ន​​អ្នក​វិនិ​យោគ​ពិបាក​រក​ដី​ធំៗ​ណាស់​នៅ​ទីនោះ​។

ចំណែក​តម្លៃ​ដី​ក្នុង​ខណ្ឌ​ដូនពេញ​ ក៏​មាន​កំណើន​ខ្ពស់​ផង​ដែរ ​ដោយ​បច្ចុប្បន្ន​នេះ ​ដី​សម្រាប់​តំបន់​លំនៅឋាន​មាន​តម្លៃ​ចាប់​ពី ​៣៥០០​-៤០០០​ ដុល្លារ​ ដី​តំបន់​ពាណិជ្ជ​កម្ម​មាន​តម្លៃ​ចាប់​ពី​ ៥០០០​ ទៅ​ ៧៥០០​ ដុល្លារ​ក្នុង​មួយ​ម៉ែត្រ​ការ៉េ។ ​បើ​គិត​ចាប់​ពី​ស្តុប​វិមាន​ កាណាឌីយ៉ា ​ទៅ​ដល់​ភ្លើង​​អគារ Gold Tower 42 តាម​បណ្តោយ​មហាវិថី​ព្រះ​មុនីវង្ស ដី​ទីនោះ​ភាគ​ច្រើន​គឺ​ជា​ផ្ទះ​ហាង​។ ​តំបន់​ក្នុង​ខណ្ឌ​​ដូនពេញ ក៏​មាន​សក្តានុ​ពល​សម្រាប់​ការ​វិនិ​យោគ​ផ្នែក​សណ្ឋាគារ​ផង​ដែរ​។

តម្លៃ​អចលន​ទ្រព្យ​ក្នុង​ខណ្ឌ ​៧មករា ក៏​មាន​ការ​ហក់​ឡើង​ខ្ពស់​ក្នុង​រង្វង់​ពី ​១០ ​ទៅ ​​១៥ ​ភាគរយ​ផង​ដែរ​នៅ​ក្នុង​ត្រីមាស​ទី​ ៣ ​កន្លង​មក ​ព្រោះ​នៅ​ក្នុង​តំបន់​នោះ​មាន​គម្រោង​សាង​សង់​អគារ​ពាណិជ្ជ​កម្ម​​ច្រើន​ ពិសេស​ការ​សាង​សង់​គម្រោង​អាផាតមិន ​និង​សណ្ឋាគារ ​នៅ​ក្នុង​សង្កាត់​បឹងព្រលឹត​ និង​សង្កាត់​អូឡាំពិក ដូច​ជា​អគារ ​Phnom Penh Tower, ​Olympia​ City ​ផ្សារ​ទំនើប ​City ​Mall ​និង​ផ្សារ​អូរឫស្សី ជា​ដើម។

បច្ចុប្បន្ន​នេះ​គម្រោង Olympia​ City ​បាន​​ជួយ​លើក​ស្ទួយ​មុខ​មាត់​តំបន់​នេះ​យ៉ាង​ខ្លាំង​ ពិសេស​តម្លៃ​អចលន​ទ្រព្យ​នៅ​តាម​ផ្លូវ​ ១៦៣ បាន​លោត​ឡើង​យ៉ាង​ខ្ពស់ ​ដែល​បាន​ធ្វើ​ឲ្យ​តម្លៃ​ដី​នៅ​តំបន់​នោះ​កើន​ឡើង​ដល់​ចន្លោះ​ពី​ ៦០០០ ​​ទៅ​ ៨០០០ ​ដុល្លារ​ក្នុង​មួយ​ម៉ែត្រ​ការ៉េ។ ​តែ​ទោះ​បី​ជា​យ៉ាង​ណា​ បើ​គិត​ជា​មធ្យម​តម្លៃ​ដី​លំនៅឋាន​ក្នុង​ខណ្ឌ​ ៧មករា មាន​តម្លៃ​ចាប់​ពី ​៣០០០​-៣៦០០ ​ដុល្លារ និង​ដី​ពាណិជ្ជកម្ម​ មាន​តម្លៃ​ចាប់​ពី​ ៥០០០​ ទៅ ​៦៣០០​ ដុល្លារ​ក្នុង​មួយ​ម៉ែត្រ​ការ៉េ។

បើ​ងាក​មក​មើល​តំបន់​ទួលគោក​វិញ ​ការ​សិក្សា​ដដែល​បាន​រកឃើញ​ថា តម្លៃ​ដី​សម្រាប់​លំនៅឋាន​នៅ​ក្នុង​ខណ្ឌ ​ទួលគោក​ មាន​ចន្លោះ​ពី​ ១៦០០​ ដល់​ ២០០០​ ដុល្លារ ​និង​ដី​ពាណិជ្ជកម្ម​មាន​តម្លៃ​ចាប់​ពី​ ៣៨០០​-៤៩០០ ​ដុល្លារ​ក្នុង​មួយ​ម៉ែត្រការ៉េ។

ខណ្ឌ​ទួលគោក ​មាន​សក្តានុពល​ច្រើន​ផង​ដែរ​ ដោយ​បច្ចុប្បន្ន​ គេ​ឃើញ​មាន​ការ​សាងសង់​សាកល​វិទ្យាល័យ ​អាផាតមិន និង​ការ​ពង្រីក​សាខា​ធនាគារ​ជា​ច្រើន​ទៅ​កាន់​តំបន់​នេះ។

លោក ហ៊ិន ​សុជាតិ ប្រធាន​ផ្នែក ប៊ុណ្ណា ​អចលន​ទ្រព្យ ​នៃ​ក្រុមហ៊ុន ​ប៊ុណ្ណា​ រៀលធី ​គ្រុប ​បាន​និយាយ​ថា តម្លៃ​ដី​នៅ​រាជធានី​ភ្នំពេញ​បាន​ហក់​ឡើង​ខ្ពស់​ក្នុង​ត្រីមាស​ទី ៣ ឆ្នាំ២០១៤​។ មូលហេតុ​សំខាន់​នៃ​កំណើន​តម្លៃ​ដីធ្លី​នេះ គឺ​ដោយ​សារ​មាន​កត្តា​មួយ​ចំនួន​ដូចជា​ ទី១​អតិថិជន​មាន​ចំណេះ​ដឹង​ប្រសើរ​ជាង​មុន​ពេល​មាន​វិបត្តិ​សេដ្ឋកិច្ច ​ដោយ​ការ​ទិញ លក់​របស់​ពួក​គេ​នៅ​ពេល​នេះ​មាន​កម្មវត្ថុ​ច្បាស់​លាស់​ ទី២​ ស្ថិរភាព​នយោបាយ និង​កំណើន​សេដ្ឋកិច្ច​ប្រកប​ដោយ​ទំនុកចិត្ត ទី៣​ ការ​ហូរ​ចូល​នៃ​អ្នក​វិនិ​យោគ​មក​ពី​ក្រៅ​ប្រទេស​ និង​ ទី៤ ​ការ​ដែល​កម្ពុជា​ត្រៀម​ខ្លួន​ធ្វើ​សមាហរណ​កម្ម​​សេដ្ឋកិច្ច​ជា​មួយ​បណ្តា​ប្រទេស​នានា​នៅ​ក្នុង​តំបន់​អាស៊ាន​ នា​ចុង​ឆ្នាំ​២០១៥​។

លោក​បាន​ថ្លែង​ថា​៖ ​«​បើ​គិត​តែ​ខណ្ឌ​ចំនួន​៤​នៅ​កណ្តាល​រាជធានី​ភ្នំពេញ​តម្លៃដី​បាន​ហក់​ឡើង​ខ្ពស់​ជិត​ទ្វេ​ដង​ បើ​ប្រៀប​ធៀប​ទៅ​នឹង​មុន​ពេល​មាន​វិបត្តិ​សេដ្ឋកិច្ច​​ឆ្នាំ ២០០៨​ តែ​បើ​គិត​ទូទាំង​រាជធានី​ភ្នំពេញ​តែ​ម្តង គឺ​នៅ​​មាន​កម្រិត​ទាប​ជាង​ឆ្នាំ​ ២០០៨ ​ដោយ​សារ​តែ​ការ​ពង្រីក​ទីក្រុង​ និង​ការ​បំបែក​ខណ្ឌ​កាន់​តែ​ច្រើន​»។

លោក​បាន​បន្ត​ថា​៖ ​«​មុន​ឆ្នាំ​ ២០០៨​ តម្លៃ​ដី​ខ្ពស់​បំផុត​នៅ​ក្នុង​ខណ្ឌ​ចំការមន​ មាន​ចាប់​ពី ​៤០០០​-​៥០០០ ​ដុល្លា ​តែ​បច្ចុប្បន្ន​តម្លៃ​ដី​នៅ​តំបន់​ខាង​លើ​បាន​ហក់​ឡើង​ដល់​ ៨០០០​ ទៅ​ ៩០០០​ ដុល្លារ​ក្នុង​មួយ​ម៉ែត្រ​ការ៉េ»​។

លោក​បាន​ឲ្យ​ដឹង​​ថា ​តម្លៃ​អចលន​ទ្រព្យ​នៅ​កម្ពុជា​នៅ​តែ​មាន​សញ្ញា​ល្អ​សម្រាប់​ការ​វិនិយោគ និង​នៅ​តែ​ផ្តល់​ប្រាក់​ចំណេញ​ត្រឡប់​ (Return​ Of Investment​) ពី​ការ​វិនិយោគ​ខ្ពស់​ជាង​បណ្តា​ប្រទេស​អាស៊ាន​ដទៃ​ទៀត​។

លោក​បាន​លើក​ឧទាហរណ៍​ថា៖​ «​បើ​ទិញ​ខុនដូ​ប្រណីត ដូច​គ្នា​រវាង​​ភ្នំពេញ និង​នៅ​ សិង្ហបុរី​ គឺ​មាន​​តម្លៃ​ខុស​គ្នា​ច្រើន​ដោយ​នៅ​សិង្ហបុរី​អាច​មាន​តម្លៃ​ជាង​ ២០០០០ ​ដុល្លារ​ក្នុង​មួយ​ម៉ែត្រការ៉េ​ តែ​នៅ​កម្ពុជា​មាន​តម្លៃ​ខ្ពស់​បំផុត​ត្រឹម​ ៣០០០​ ដុល្លារ​ប៉ុណ្ណោះ។ ​អ៊ីចឹង​បើ​វិនិយោគ​នៅ​សិង្ហបុរី​ អ្នក​វិនិ​យោគ​ទទួល​បាន​ផ្ទះ​ទំហំ​តូច​ តែ​ទិញ​នៅ​កម្ពុជា​បាន​ផ្ទះ​ទំហំ​ធំ​ និង​បាន​ទទួល​ផល​ចំណេញ​ខ្ពស់​ថែម​ទៀត​ផង»។

លោក គីម ​ហ៊ាង នាយក​​ក្រុមហ៊ុន​អចលន​ទ្រព្យ​​ខ្មែរ បាន​យល់​ស្រប​នឹង​ការ​សិក្សា​នេះ ព្រម​ទាំង​បាន​ចាត់​ទុក​ឆ្នាំ ​២០១៤​ ជា «​ឆ្នាំ​មាស​​​ឆ្នាំ​ប្រាក់​របស់​អ្នក​រកស៊ី​ដីធ្លី​ និង​ជា​ឆ្នាំ​ជោគ​ជ័យ​របស់​អ្នក​រក​ស៊ីវិស័យ​អចលន​ទ្រព្យ​នៅ​កម្ពុជា» ព្រោះ​នា​រយៈ​ពេល​បីខែ​ចុង​ក្រោយ​នេះ​តម្លៃ​អចលន​ទ្រព្យ​បាន​ហក់​ឡើង​ខ្ពស់​មែន​ទែន​ដែល​ធ្វើ​ឲ្យ​អ្នក​រកស៊ី​ដីធ្លី​បាន​ចំណេញ​ប្រាក់​ជាច្រើន។ រីឯ ​អ្នក​មាន​ដីធ្លី​សម្រាប់​លក់​ក៏​ទទួល​បាន​ប្រាក់​ច្រើន​ផង​ដែរ​។

លោក​បន្ត​ថា​ តម្លៃ​ដីធ្លី​ខ្ពស់​ជាង​គេ​មាន​នៅ​ជុំវិញ​ផ្សារ​ធំថ្មី​ដែល​មាន​តម្លៃ​ចាប់​ពី​ ៨០០០​-៩០០០​ ដុល្លារ​ក្នុង​មួយ​ម៉ែត្រការ៉េ និង​បន្ទាប់​មក​ដី​នៅ​ជួរ​មាត់​ទន្លេ​ដែល​មាន​តម្លៃ​ប្រហាក់​ប្រហែល​គ្នា​នេះ​ ព្រោះ​ផ្ទះ​មួយ​ល្វែង​មាន​តម្លៃ​រហូត​ដល់​ ១​ លាន​ដុល្លារ​ ឬ​ច្រើន​ជាង​នេះ។ ​បន្ទាប់​ពី​ទីតាំង​ទាំង​ពីរ​ខាង​លើ​ គឺ​ផ្ទះ ​និង​ដី​នៅ​ជុំ​វិញ​ផ្សារ​អូឡាំពិក ​និង​បន្ទាប់​មក​ដី​និង​ផ្ទះ​នៅ​ម្តុំ​ផ្សារ​ ឡាក់គី តាម​បណ្តោយ​មហា​វិថី ​ព្រះសីហនុ​ ផ្ទះ​មួយ​ល្វែង​មាន​តម្លៃ​ចាប់​ពី​​ ៨០ ម៉ឺន​ដល់​ជិត ​១ ​លានដុល្លារ ​ហើយ​បើ​គិត​ជា​តម្លៃ​ដី​មាន​តម្លៃ​ចាប់​ពី ៧០០០​-៨០០០​ ដុល្លារ​ក្នុង​មួយ​ម៉ែត្រ​ការ៉េ។

លោក គីម ​ហ៊ាង មាន​ប្រសាសន៍​ថា​៖​«​បើ​ប្រៀប​ធៀប​នឹង​ឆ្នាំ​ ២០០៨​ កន្លង​មក ​តម្លៃ​ដីធ្លី​នៅ​រាជធានី​ភ្នំពេញ​បាន​កើន​តម្លៃ​ខ្ពស់​ជាង​ តែ​កំណើន​នេះ​មិន​ទាន់​ដល់​កម្រិត​ទ្វេ​ដង​នោះ​ទេ ​តែ​បើ​និយាយ​ពី​តម្លៃ​ជាក់​ស្តែង​ពិត​ជា​មាន​ខ្ពស់​ជាង​និង​អាច​លក់​បាន​ទៀត​ផង»៕

Comments are closed.