ពាណិជ្ជករ​បរទេស​ទាម​ទារ​ឲ្យ​រដ្ឋ​ធ្វើ​​កំណែ​ទម្រង់​ពន្ធ

Content image - Phnom Penh Post

ពាណិជ្ជករ​បរទេស​ទាម​ទារ​ឲ្យ​រដ្ឋ​ធ្វើ​​កំណែ​ទម្រង់​ពន្ធ

Wed, 8 April 2015

ជាមួយ​កំណើន GDP រឹង​មាំ​ចំនួន ​៧%​ ក្នុង​ឆ្នាំ ​២០១៤​ ​ហើយ​ដែល​រំពឹង​ថា​នឹង​ឡើង​​ ៧,៣​ ភាគរយ ​ក្នុង​ឆ្នាំ ​២០១៥​​ និង​ ៧,៥ ភាគរយ ​ក្នុង​ឆ្នាំ ២០១៦​ កេរ្តិ៍​ឈ្មោះ​របស់​កម្ពុជា​ ជា​ទីផ្សារ​មិន​តឹង​រ៉ឹង​​និង​​ងាយ​ស្រួល​ចូល​​ធ្វើ​​អាជីវកម្ម​​​សម្រាប់​វិនិយោគិន​បរទេស​ និង​ហានិភ័យ​របស់​ប្រទេស​នេះ​ត្រូវ​បាន​ចាត់​ទុក​ថា​មធ្យម​ដោយ សារ​​ស្ថិរ​ភាព​នយោបាយ​បច្ចុប្បន្ន​។ ​កម្ពុជា​កំពុង​ទទួល​បាន​ការ​សម្លឹង​មើល​​កាន់​តែ​កើន​ឡើង​​ពី​វិនិយោគិន​បរទេស​។

ទោះ​យ៉ាង​ណា​ក្តី នៅ​ពេល​សម្លឹង​មើល​ខ្លាំង​ជាង​នេះ​ វិនិយោគិន​បរទេស​អាច​ស្វែង​រក​ប្រទេស​មួយ​ដែល​ទើប តែ​​កែ​តម្រូវ​ផ្នែក​មួយ​ចំនួន​មិន​ឲ្យ​តឹង​រ៉ឹង ជា​ពិសេស​ ផ្នែក​ពន្ធដារ។ ​​បញ្ហា​ពន្ធដារ​​កំពុង​ធ្វើ​ឲ្យ​កម្ពុជា​លែង​សូវ​មាន​ប្រជា​ប្រិយ​ភាព​សម្រាប់​​វិនិយោគិន​បរទេស។

គ្មាន​អ្វី​អាថ៌កំបាំង​ទេ ប្រជាជន​កម្ពុជា​មិន​មែនជា​អ្នក​បង់​ពន្ធ​ទាំងអស់​ទេ ហើយ​ជា​លទ្ធផល​រដ្ឋាភិបាល​ក៏​បាន​យល់​ឃើញ​ថា វា​ជា​បញ្ហា​ប្រឈម​ក្នុង​ការ​ប្រមូល​ចំណូល​ពន្ធ។ ការ​ប្រព្រឹត្ត​មិន​ស្មើ​ភាពលើ​អ្នក​ជាប់​ពន្ធ ដែល​បាន​កំណត់​សមត្ថភាព​​របស់​ រដ្ឋាភិបាល​ក្នុង​ការ​បង្កើន​ការ​ប្រមូល​ពន្ធ។

ក្នុង​ការ​បង់ពន្ធ​ប្រចាំ​ខែ​របស់​ខ្លួន ​អ្នក​ជាប់​ពន្ធ​របប​ម៉ៅ​ការ​​បង់​ពន្ធ​ទៅ​មន្រ្តី​ពន្ធ​​ដែល​មក​ជា​រៀង​រាល់​ខែ​ដើម្បី​វាយ​តម្លៃ​​ពន្ធម៉ៅ​ការ​ ដែល​ជា​ទូទៅ​មាន​ទំហំ ២ ភាគរយ នៃ​ចំណូល​ប៉ាន់​ប្រមាណ។

ជា​ធម្មតានេះ​គឺជា​ចំនួន​តិច​តួច​បើ​ប្រៀប​ធៀប​នឹង​អ្វី​ដែល​អ្នក​ជាប់​ពន្ធ​របប​ពិត​ត្រូវ​បង់។ ​អាជីវកម្ម​មួយ​ដែល​ចុះ​បញ្ជី​ជា​អ្នក​ជាប់​ពន្ធ​របប​ពិត គឺ ប្រឈម​នឹង​ពន្ធ​មូល​ដ្ឋាន​ដូច​ជា ពន្ធ​កាត់​ទុក​ ១០ ភាគរយ លើ​ការ​ជួល ​ពន្ធ ប្រាក់​ខែពី ០​ ដល់​ ២០ ភាគរយ អាករ​លើ​តម្លៃ​បន្ថែម​ ១០ ភាគរយ ​លើ​ការ​លក់ ពន្ធលើ​ប្រាក់​ចំណេញ​ ១ ​ភាគរយ និង​​ពន្ធកាត់​ទុក ១៥ ភាគរយ ​លើ​សេវាកម្ម ដែល​ទទួល​បាន​ពី​អាជីវកម្ម​មិន​ចុះ​បញ្ជី។ នៅ​ចុង​ឆ្នាំ ប្រសិន​បើ​អ្នក​ជាប់​ពន្ធ​របប​ពិត​ទទួល​បាន​ប្រាក់​ចំណេញ ពួកគេ​នឹង​ប្រឈម​ពន្ធ​លើ​ប្រាក់​ចំណេញ​ចំនួន ២០ ភាគរយ។

ម្យ៉ាង​វិញ​ទៀត អាជីវកម្ម​ដូចជា ហាង​លក់​រាយ ​ភោជនីយ​ដ្ឋាន​ ឬ​សណ្ឋា​គារ​ អាច​ធ្វើ​អាជីវកម្ម​ដូចគ្នា អ្នក​ជាប់​ពន្ធ​របប​ម៉ៅការ​ប្រហែល​បង់ ៥០ ដុល្លារ​ក្នុង​មួយ​ខែ ខណៈ​អ្នក​ជាប់​ពន្ធ​របប​ពិត​​ប្រហែល​ជា​បង់​រាប់​ពាន់​ដុល្លារ ឯណោះ។

ជាទូទៅ​ជន​បរទេស​ចុះ​បញ្ជី​អាជីវកម្ម​របស់​ខ្លួន​ជា​អ្នក​ជាប់​ពន្ធ​របប​ពិត ហើយ​អាច​ខាត​ប្រយោជន៍​ខ្លាំង​បើ​ធៀប​នឹង​គូ​ប្រកួត​ប្រជែង​ដែល​ជា​អ្នក​ជាប់​ពន្ធ​របប​ម៉ៅ​ការ។

ការប្តូរអ្នក​ជាប់​ពន្ធ​របប​ម៉ៅការ​ទៅ ជា​អ្នក​ជាប់​ពន្ធ​របប​ពិត​ក្នុង​សង្វៀន​ប្រកួត​ប្រជែង​ស្មើ​ភាព វា​ជា​ការ​ល្អ​ ​និង​ជា​ឱកាស​ដ៏​ធំ​មួយ​ក្នុង​ការ​បង្កើន​​ចំណូល​ពន្ធ​សម្រាប់​រដ្ឋាភិបាល។

ខណៈ​អ្នក​ជាប់ពន្ធ​របប​ពិត​​ត្រូវ​តម្រូវ​ឲ្យ​បង់​អាករ​លើ​តម្លៃ​បន្ថែម​ ១០ ភាគរយ ចំពោះ​ការ​ផ្គត់​ផ្គង់​ទំនិញ​និង​សេវា​ទៅ​អតិថិជន អាជីវកម្ម​ក្រោម​របប​ម៉ៅ​ការ ឬ​អាជីវកម្ម​មិន​ចុះ​បញ្ជី​គឺ មិន​បង់​ទាល់​តែ​សោះ។

ភាព​មិន​ស្មើ​ភាព​គ្នា​នេះ​គឺ​រឹត​តែ​មាន​ខ្លាំង​ទៀត​ខណៈ​អ្នក​ជាប់​ពន្ធ​របប​ពិត​ត្រូវ​តម្រូវ​ឲ្យ​បង់ពន្ធ​កាត់​ទុក ១៥ ភាគរយ សម្រាប់​សេវា​ដែល​ផ្តល់​ទៅ​ឲ្យ​ខ្លួន​ដោយ​ក្រុម​ហ៊ុន​មួយ។ អ្នក​ជាប់​ពន្ធ​របប​ពិត​គឺ​ទទួល​រង​ការ​ដាក់​ទោស ទណ្ឌ​បន្ថែម​ទៀត​សម្រាប់​សកម្ម​ភាព​អាជីវកម្ម​ណា​ដែល​មិន​ព្រម​នៅ​ក្នុង​ប្រព័ន្ធ​ពន្ធ។

ប្រកាស​ថ្មី​លេខ ១១៣៩ ទាក់​ទង​នឹង​ការបន្ត​ពន្ធ​ប៉ាតង់ ដែល​តម្រូវ​ឱ្យ​អ្នក​បង់ពន្ធ​ចុះ​បញ្ជី​នៅ​អគ្គនាយក ដ្ឋាន​ពន្ធដារ (GDT) នៅមុន​ខែ វិច្ឆិកា ឆ្នាំ​ ២០១៤ ដើម្បី​បំពេញ​សំណុំ​បែប បទ​ចុះ​ឈ្មោះ​ពន្ធ​ថ្មី​ដែល​មាន​រយៈពេល​វែង តម្រូវ​ឲ្យ​ប្រធាន​ក្រុមហ៊ុន​មាន​វត្តមាន​ថតរូប និង​ផ្តិត​ម្រាម​ដៃ បង្ហាញ​ភស្តុតាង​ថា ម្ចាស់​ដី​នៃ​ទីតាំង​អាជីវកម្ម​បាន​បង់ពន្ធ​អចលនទ្រព្យ ហើយ​ឲ្យ​ប្រធាន​បង្ហាញ​កិច្ច​សន្យា ជួល​លំនៅឋាន និង​លិខិត​បញ្ជាក់​ស្នាក់​នៅ​ថា ខ្លួន​រស់​នៅ​ក្នុង​ប្រទេស​កម្ពុជា​ធ្វើ​ឲ្យ​មាន​ការ​ខឹង​និង​ការ​ភាន់​ច្រឡំ។

ការ​វិនិយោគ​បរទេស​ក៏​អាច​មាន​ការ ភ្ញាក់​ផ្អើល​ផងដែរ ដែល​​ចំណាយ​កម្សាន្ត​មិន​អាច​កាត់​កង​បាន និង​មិន មាន​ឥណទាន​អាករ​តម្លៃ​បន្ថែម​លើ​ការ​ទិញ​ប្រេង សាំង/ម៉ាស៊ូត និង​សេវា​ទូរស័ព្ទ​ចល័ត។ អ្វី​គួរ​ឱ្យ​ភ្ញាក់ផ្អើល ដែល​អគ្គនាយក​ដ្ឋាន​ពន្ធដារ បាន​ប្រកាស​ពន្ធ និង​អត្រា​អប្បបរមា​លើ​ប្រាក់​កម្ចី​ម្ចាស់​ភាគហ៊ុន​នៅក្នុង​ឆ្នាំ ២០១៥ ដែល​មាន​ប្រតិសកម្ម​ទៅ​ឆ្នាំ ២០១៤ ដោយ​បន្ត​ផ្លាស់​ប្តូរ​ជំហរ​ពន្ធ​លើ​ប្រាក់​កម្ចី​ម្ចាស់​ភាគ​ហ៊ុន។ ការ​ត្រូវ​ដាក់​ប្រកាស​ពន្ធ​ប្រចាំ​ខែ ត្រូវ​បាន​គេ​មើល​ឃើញ​ផងដែរ​ថា ជា​បន្ទុក​រដ្ឋបាល ដែល​កើន​ឡើង​ធៀប​នឹង​ទីផ្សារ​ផ្សេង​ទៀត​ភាគ​ច្រើន។​

ច្បាស់​ណាស់ មាន​ការ​រីក​ចម្រើន​លើ​ការប្រមូល​ពន្ធ និង​ការ​អនុវត្ត​ច្បាប់ ហើយ​គួរ​ត្រូវ​បាន​សាទរ​។ ជាជាង ផ្តោត​ខ្លាំង​​លើ​ការ​បង្កើន​ប្រាក់​ចំណូល​ពន្ធ​ពី​​អ្នក​ក្នុង​ប្រព័ន្ធ​ពន្ធ​រួច​ហើយ​ វា​គឺ ជា​ពេល​វេលា​នាំយក​អ្នក​ដែល​​នៅ ក្រៅ​ប្រព័ន្ធ ដែល​មាន​ប្រៀប​ក្នុង​ការ​ប្រកួត​ប្រជែង​ក្នុង​ប្រព័ន្ធ​ពន្ធ​។ ការ កាត់​បន្ថយ​បន្ទុក​​រដ្ឋបាល និង​ក្នុង​ការិយាធិប​តេយ្យ នឹងត្រូវ​បាន​ទទួល​ស្វាគមន៍​យ៉ាង​ខ្លាំង​។ នោះ​ផ្ដល់ឱ្យ​វិនិយោគិន​បរទេស​នូវ​ទំនុក​ចិត្ត​កាន់​តែ​ច្រើន និង​ប្រទេស​កម្ពុជា​នឹង​ក្លាយ​ជា​ទីផ្សារ​នាំ​មុខ​មួយ​៕

Source: Post Khmer